កម្មករជាងមួយពាន់នាក់ទទួលព្យាបាលពី TYDA


Health 02 08 16 2 copy

     កម្មករ កម្មការិនីរោងចក្រជាង ១ពាន់នាក់ នៃបណ្តារោងចក្រ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលការព្យាបាល ដោយឥតគិតថ្លៃ ពីសំណាក់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ។

     ការចុះជួយព្យាបាលដល់កម្មករ សរុបចំនួន ១,៣៦៥នាក់ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានធ្វើកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៧៩នាក់ ដឹកនាំដោយអនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង ។ ការពិនិត្យជំងឺ បានប្រព្រឹត្តទៅនៅក្នុងទីតាំងនៃរោងចក្រ PPS ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង ដែលទទួលបន្ទុកបេសកកម្មព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ បានថ្លែងថា ការព្យាបាលកាលពីម្សិលមិញ គឺជាលើកទី១ ដែលបានចុះពិនិត្យជំងឺ នៅក្នុងរោងចក្រផ្ទាល់តែម្តង ដែលពីមុនការព្យាបាល ធ្លាប់ធ្វើជាពិធីនៅក្នុងតំបន់ផ្ទះជួល របស់កម្មករនិងកម្មការិនី ។ លោកបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ សមាគម បានចុះពិនិត្យជំងឺជូនកម្មករ.កម្មការិនីរោងចក្របានចំនួន ១០លើកហើយ ក្នុងរាជធានីភ្នំពេញ ដោយបានពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីនៅតាមរោងចក្រសរុបជាង ១ម៉ឺននាក់ ។ លោកបញ្ជាក់ថា សកម្មភាពនេះ គឺបន្តធ្វើជារៀងរាល់ខែ ដែលនឹងចល័តពីរោងចក្រមួយទៅរោងចក្រមួយ ។

     លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានបញ្ជាក់ថា កម្មវិធីព្យាបាលបានផ្តោតនូវ ប្រភេទជំងឺចំនួន ៤មុខ រួមមាន ប្រភេទជំងឺទូទៅ ជំងឺត្រចៀក ច្រមុះ បំពង់ក .ជំងឺរោគស្រ្តី និងអេកូស្រ្តីមាន ផ្ទៃពោះ និងជំងឺមាត់ធ្មេញ ផងដែរ ៕

Health 02 08 16 3 copy  Health 02 08 16 4 copy

Health 02 08 16 5 copy  Health 02 08 16 6 copy