សម្តេចតេជោ ធ្វើទស្សនកិច្ចនៅខេត្តជាប់មាត់សមុទ្រ


HS Kep 04 08 16 2

     សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចខេត្តជាប់មាត់សមុទ្រនានា ដែលជាផ្នែកមួយនៃដំណើរចុះសាកសួរសុខទុក្ខ និងពិនិត្យជីវភាពប្រជាជនតាមបណ្តាខេត្ត រាជធានីទាំង២៥ ។ ក្នុងដំណើរទស្សនកិច្ចតាមខេត្តជាប់មាត់សមុទ្រនេះ សម្តេចបានអញ្ជើញដល់ខេត្តកែប និងខេត្តព្រះសីហនុ បន្ទាប់ពីបានអញ្ជើញទស្សនកិច្ច នៅខេត្តកំពត កាលពីម្សិលមិញ ។

     ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងក្រៃលែងពីប្រជាជន និងក្រុមអាជីវករតាមទីផ្សារ ។ សម្តេចក្នុងហ្វេសប៊ុកបានសរសេរថា ក្រោយការបញ្ចប់កិច្ចសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបមក សម្តេចបានចូលជួបសួរសុខទុក្ខជាមួយបងប្អូន អ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែបជាបន្ត ។

     សម្តេចបានមានប្រសាសន៍ថា សម្តេចបានរីករាយ នៅពេលដែលឃើញមុខរបរទទួលទានរបស់បងប្អួននៅក្នុងតំបន់ឆ្នេរសមុទ្រនេះ កំពុងដំណើរការល្អប្រសើរ មមាញឹក បំរើសេវាកម្មជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តក្នុងក្រុងកែបនេះ ។ នៅក្នុងខេត្តកែប សម្តេចបានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សសាលានៅវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែនចរិយាវង្ស និងបានអញ្ជើញទៅសាលាបច្ចេកទេសដុនបូស្កូ ។ សម្តេចតេជោសែន បានផ្តល់អគារសិក្សាថ្មី ១ខ្នង កំពស់ ៣ជាន់ មាន ១៥បន្ទប់ ដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រោយការមើលឃើញកង្វះខាតអគារសិក្សានៅទីនោះ ។

     នៅថ្ងៃទី៣ ខែសីហា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តដំណើរទស្សនកិច្ចទៅខេត្តព្រះសីហនុ ដោយបាន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទីនោះផងដែរ ។ ដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់ខេត្តជាប់មាត់សមុទ្រនេះ គឺនៅបន្ទាប់ពីដំណើរទស្សនកិច្ចតាមបណ្តាខេត្តភាគពាយព្យ… ខេត្តភាគកណ្តាល និងភាគឦសានប្រទេសរួចរាល់នោះមក ។ ដំណើរទស្សនកិច្ចរបស់សម្តេច នឹងបន្តមកកាន់ខេត្តកំពង់ស្ពឺ និងបន្តមករាជធានីភ្នំពេញ ។

HS Kep 04 08 16 3  HS Kep 04 08 16 4

HS Kep 04 08 16 5  HS Kep 04 08 16 6