(ភ្នំពេញ)៖ ដំណើរត្រួតពិនិត្យការងារនៅតាមបណ្តាខេត្តភាគនិរតីរួមមាន កំពត កែប ព្រះសីហនុ និង ខេត្តកំពង់ស្ពឺ រយៈពេលពីរយប់៣ថ្ងៃ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់នៅម៉ោងប្រមាណ១២ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ ដោយបានដោះស្រាយបញ្ចប់នូវបញ្ហាមួយចំនួន ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។
ដើម្បីត្រួតពិនិត្យការងារនៅតាមបណ្តាខេត្ត ក៏ដូចជាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញផែនការចុះជួបមន្រ្តី និងប្រជាពលរដ្ឋនៅទាំង២៥រាជធានី-ខេត្ត កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦នេះ ខេត្តចំនួន១០ហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និង កំពង់ស្ពឺ ដែលបានសម្តេចបានអញ្ជើញចុះទៅដល់ ហើយបញ្ហាផ្សេងៗគ្នានៅតាមបណ្តាខេត្តទាំងនេះ ត្រូវបានដោះស្រាយ។
ក្នុងដំណើរចុះទៅខេត្តកំពត កែប ព្រះសីហនុ និងកំពង់ស្ពឺ នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក្រៅពីការជំរុញឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខិតខំធ្វើការងារទាញយកសមិទ្ធផលបម្រើជាតិ និងបម្រើប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានធ្វើការវះកាត់នូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹង ប្រជាពលរដ្ឋផងដែរ។
នៅក្នុងជំនួបជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យអាជ្ញាធរពាក់ព័ន្ធជួសជុល ស្ពានឥន្ធនូ ដែលជាស្ពានឆ្លងកាត់ព្រែកកំពតចាស់ឡើងវិញ ដើម្បីឲ្យសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋអាចធ្វើដំណើរដោយថ្មើរជើង ឬជិះកង់ម៉ូតូឆ្លងកាត់។ ស្ពានឥន្ធនូនេះ ជាស្ពានបន្សល់ទុកពីសម័យបារាំង ហើយត្រូវបានអាជ្ញាធរបិទចោលប្រមាណជា ៣ឆ្នាំមកហើយ បន្ទាប់ពីឃើញស្ពាននេះ មានសភាពទ្រុឌទ្រោម។ ការបញ្ជាឲ្យជួសជុល និងបើកដំណើរការឡើងវិញ មានប្រជាពលរដ្ឋ ដែលតែងធ្វើដំណើរឆ្លងកាត់សម្តែងការសាទរ និងរីករាយផងដែរ។
នៅក្នុងខេត្តកំពតដដែលនេះ ក្រៅពីការបញ្ជាឲ្យជួសជុលស្ពានឥន្ធនូ និងបើកឲ្យដំណើរការឡើងវិញនោះហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចកាត់ដីរដ្ឋចំនួន ០៤កន្លែងទំហំជាង ៩ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅក្នុងខេត្តកំពតជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារផងដែរ ដែលភាគច្រើនជាអតីតបុគ្គលិក កម្មករ និងមន្ត្រីរាជការក្នុងខេត្តកំពត ដែលបាន និងកំពុងរស់នៅលើដីនោះ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល និង ដោះស្រាយបញ្ហាក្នុងខេត្តកំពត នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានបន្តដំណើរទៅកាន់ខេត្តកែប។ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តកែប នាពេលព្រឹកព្រលឹមនៅតាមដងផ្លូវមាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមបណ្តាសាលានានា បានចេញមកតាមដងផ្លូវដោយចង់បានជួបសំណេះសំណាល និងថតរូបជាមួយសម្តេចតេជោផ្ទាល់តែម្តង។
បន្ទាប់ពីចូលដល់ទឹកដីខេត្តកែបបានបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងគ្រូៗ ក្រោមសំឡេងទះដៃអបអរសាទរយ៉ាងកងរំពងនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងសាលាបច្ចេកទេសដុនប៊ូស្កូផងដែរ។ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សាថ្មីមួយ ខ្នង កម្ពស់ ៣ជាន់ ស្មើនិង១៥បន្ទប់ ដើម្បីឆ្លើយតបនិងកំណើនសិស្សនៅក្នុងវិទ្យាល័យមួយនេះ។
នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្នុងខេត្តកែប សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ, កែលម្អរភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា)។ សម្តេចតេជោ ក៏រំលឹកឲ្យសមត្ថកិច្ចសហកាជាមួយគយ រដ្ឋាករ ពន្ឋដារប្រមូលចំណូលសម្រាប់ជាតិ និងត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លី ឲ្យបានឆាប់ល្អជូនពលរដ្ឋ ការពារបរិស្ថាន ការពារព្រៃឈើ តំបន់ឆ្នេរ និងធនធានធម្មជាតិ ហើយត្រូវសើរើពិនិត្យគម្រោងវិនិយោគមួយចំនួន ដែលប៉ះពាល់ធនធានធម្មជាតិ ដូចជាគម្រោងដាំសារ៉ាយក្នុងបាតសមុទ្រ និងគម្រោងប៉ះពាល់ព្រៃកោងកាងជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា នឹងនិរាករណ៍ចោលទាំងស្រុង ចំពោះគម្រោងវិនិយោគទាំងឡាយណា ដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងធនធានសមុទ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកែប បញ្ហាទឹក គឺជាបញ្ហាចម្បងមួយដែលខេត្តកែប ត្រូវយកចិត្តទុកដាក់ដោះស្រាយ ហើយត្រូវស្វែងរកដៃគូអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតឲ្យបានទាន់ពេលវេលា។
សម្តេចតេជោ ក៏បានបញ្ជាឲ្យយកអាកាសចរណ៍ស៊ីវិលនៅខេត្តកែប ទៅឲ្យខេត្តជាអ្នកគ្រប់គ្រងទាំងស្រុង។ មុននឹងបញ្ចប់ដំណើរពិនិត្យ ការងារនៅក្នុងខេត្តកែប សម្តេចតេជោ ហ៊ុន សែន ក៏បានឆៀងចូលទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងផ្សារ ក្តាមផងដែរ។
ដោយឡែកក្នុងដំណើរទៅកាន់ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែសីហា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដោះស្រាយបញ្ហាមួយចំនួនធំ ជូនប្រជាពលរដ្ឋផងដែរ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានឲ្យអាជ្ញាធរខេត្តពន្លឿនការដោះស្រាយវិវាទដីធ្លីជូន ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យបញ្ឈប់ការស្នើសុំដីសម្រាប់អង្គភាពយោធា ចាប់ពីថ្ងៃនេះតទៅ ហើយគ្រប់កងពលទាំងអស់ហាមសុំដីបន្តទៀត និងត្រូវពិនិត្យ និងចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋឲ្យបានត្រឹមត្រូវ កុំឲ្យធ្លាក់ទៅលើដៃឯកជនមួយចំនួន។
ចំពោះផ្សារខេត្តព្រះសីហនុដែលឆេះ ហើយត្រូវបានសម្តេចតេជោ ជួយសាងសង់ឡើងវិញនោះ សម្តេចបានបញ្ជាឲ្យអាជ្ញាធរខេត្តធ្វើលិខិតផ្លូវការ បញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់ ឲ្យពួកគាត់លក់ដូរជារៀងរហូតតកូនតចៅ។ ចំពោះគម្រោងចិញ្ចឹមត្រី ដែលស្នើដោយក្រុមហ៊ុនឯកជន ប្រសិនបើប៉ះពាល់ ដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ គឺមិនអនុញ្ញាតឲ្យនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញអាជ្ញាធរមានសមត្ថកិច្ច នៅខេត្តព្រះសីហនុ ត្រួតពិនិត្យបញ្ហាបូមខ្សាច់ផងដែរ ព្រោះអាចធ្វើឲ្យបាក់ធ្លាក់បណ្តាលឲ្យ បាក់ខូចឆ្នេរ។ ចំពោះគម្រោងវិនិយោគកោះ ដែលគ្មានសកម្មភាព ត្រូវពិនិត្យដកយកមកវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញអាជ្ញាធរចុះ វាស់វែងប្រគល់ប្លង់ ស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលបានរស់នៅពយកំពេញ ១០៣គ្រួសារផងដែរ។
សម្តេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានមករស់នៅទីតាំងក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋជាយូរមកហើយ ត្រូវប្រគល់ប្លង់ស្របច្បាប់ជូនពួកគាត់ ហើយត្រូវកាត់ចេញពីបញ្ជីសារពើពន្ធរបស់រដ្ឋ ដើម្បីពួកគាត់មានកម្មសិទ្ឋិ និងមានឱកាសបានកសាងផ្ទះសម្បែងឲ្យបានល្អសមរម្យ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងបរិស្ថាន ត្រូវចូលរួមពិនិត្យការប្រើប្រាស់ និងបង្ហូរទឹកចូលសមុទ្រកុំឲ្យប៉ះពាល់ដល់បរិស្ថាន ដើម្បីរក្សាសម្រស់សមុទ្រក្នុងការទាក់ទាញភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរខិតខំរក្សាមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលមានព្រំដែនសមុទ្រជាប់គ្នា ដើម្បីសន្តិភាពនិងផលប្រយោជន៍រួមគ្នា។ ជាពិសេស កងទ័ពជើងទឹកត្រូវល្បាតរួមគ្នាលើតំបន់ត្រួតស៊ីគ្នាជាមួយវៀតណាម និងថៃ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស និងជាជម្រកចោរសមុទ្រ និងកុំឲ្យមានការប៉ះទង្គិចគ្នា រវាងទូកនេសាទនៅតាមសមុទ្រជាដើម។ល។
លុះព្រឹកព្រលឹមស្រាងៗគឺម៉ោងប្រមាណជា ៥៖៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរមកកាន់ខេត្តកំពង់ស្ពឺ ដែលជាខេត្តចុងក្រោយ នៃដំណើរត្រួតពិនិត្យការងារតាមបណ្តាខេត្តរបស់សម្តេចតេជោនៅក្នុងសប្តាហ៍នេះ។ នៅក្នុងជំនួបជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការរុះរើចំណតរថយន្តនៅក្នុងផ្សារកំពង់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងការសាងសង់ ព្រលានយន្តហោះក្នុងខេត្តកំពង់ស្ពឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នករត់រថយន្តឈ្នួលទាំងអស់ នៅតែបន្តចតរថយន្តនៅលើចំណតរថយន្តចាស់ដដែល ដោយមិនមានការផ្លាស់ប្តូរនោះឡើយ។ ដោយឡែកព័ត៌មានចចាមអារ៉ាមជុំវិញការសាងសង់ព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពុំមាននោះឡើយ។
មុនបញ្ចប់ដំណើរពិនិត្យការងារតាមខេត្ត និងត្រឡប់មកលំនៅឋានវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសំណេះសំណាល ជាមួយអាជីវករនៅក្នុងផ្សារកំពង់ស្ពឺ ដោយមានការទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងស្និទ្ធស្នាល។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះទៅតាមបណ្តាខេត្តភាគនិរតី នៃប្រទេសនេះ ដែលជាខេត្តធ្លាប់មានការអភិវឌ្ឍតិចតូច និងរងភាព ខ្ទេចខ្ទាំខ្លាំងក្នុងសម័យសង្រ្គាមនេះ មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ត្រូវបានប្រទាក់ក្រឡាពីខេត្តមួយទៅខេត្តមួយ ដោយមានសភាពល្អប្រសើរបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរ ជាមួយទេសភាពតាមដងផ្លូវប្រកបដោយមនោរម្យ៕