ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ


ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ។
ក្នុងគោលគំនិត គាំទ្រ និងលើកតម្លើងផលិតផលក្រម៉ា ជាពិសេសគឺតម្បាញក្រមា ដែលវែងជាងគេលើពិភពលោកមានប្រវែង រហូតដល់០១ពាន់ម៉ែត្រ ដែលជាគំនិតផ្តួចផ្តើមរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជា ប្រធាននោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១រោជ ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប បានអញ្ជើញទស្សនៈកិច្ច និងចូលរួមត្បាញក្រមាឲ្យបាន ប្រវែង០១ពាន់ម៉ែត្រ សម្រាប់ដាក់បញ្ចូលក្នុងកំណត់ត្រាឯក ទគ្គកម្មពិភពលោក ជាក្រមាវែងជាងគេលើពិភពលោក ដែលមានទីតាំងរៀបចំឡើង នៅទីវាលព្រះមេរុ ជិត បរមរាជវាំង រាជធានីភ្នំពេញ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវសមានចិត្តរីករាយ និងថ្លែងការកោតសរសើរចំពោះសហភាព សហព័ន្ធយុវជនកម្ពុជា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បង្កើតឲ្យមានសាលាតម្បាញក្រមានេះនៅចំកណ្តាលរាជធានី ភ្នំពេញ ដែលពីមុនយើងធ្លាប់ឃើញការត្បាញក្រមា នៅតែតំបន់ជនបទ និងជាយរាជធានី ។ ជាពិសេសបានបើកឱកាសឲ្យសាធារណៈជនទូទៅ អាចចូលរួមត្បាញក្រមា វែងជាងគេនេះ ដើម្បីទទួលបានឯកទគ្គកម្មកំណត់ត្រាពិភពលោក ក្រោមពាក្យស្លោកថា៖”ជឿថាខ្មែរអាចធ្វើបាន” ទៀតផង ។ នេះ ក៏ព្រោះចង់បង្ហាញពី សាមគ្គីភាពរឹងមាំនៃប្រជាជាតិខ្មែរ ក្រោមម្លប់សន្តិភាព ដែលបានកើតឡើងលើទឹកដីអង្គរ ក្រោមការ ដឹកនាំដ៏វៀងវៃនិងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បាន ផ្លល់សារៈសំខាន់ទៅលើគោលនយោបាយអភិវឌ្ឍន៍ និងលើកទឹកចិត្តវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលពិតណាស់ គោលនយោបាយនេះមួយផ្នែកមានចក្ខុវិស័យមុតស្រួចចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នូវអ្វីដែលជាកេរ្ត៍តំណែលបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយៗ ដែលកើតឡើងដោយភាពអំណត់ព្យាយាមរបស់បុព្វបុរសខ្មែរ ហើយមកដល់ពេលនេះបានផ្សព្វផ្សាយទូលំទូលាយទាំងលើឆាកជាតិ និងអន្តរជាតិ ។ ជាក់ស្តែងក្តីសង្ឃឹមនៃការទទួលបានឯកទគ្គកម្មនៃកំណត់ត្រាពិភពលោក ជាក្រមាវែងជាងគេលើពិភពលោកនាពេលខាងមុខនេះក្រមសខ្មែរ នឹងត្រូវទទួលស្គាល់កាន់តែ ទូលំទូលាយថែមទៀត ។
សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯក ទគ្គកម្ម ក្រមា៉វែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។