ឯកឧត្តម អ៊ុំ សារឹទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ខែកក្កដា និងឆមាសទី២ ឆ្នាំ២០១៨


នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ខែកក្កដា និងឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនដោយសង្ខេបអំពី ព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ខែកក្កដា និងឆមាសទី២ ឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើការផ្តល់សេវាទ្រទ្រង់លើមុខងារទាំង ៥ របស់ព្រឹទ្ធសភា រួមមាន៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារតំណាង មុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន៕