ពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប


បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណកម្មាធិការ នៃ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែល មានប្រមាណជាង ៥២០នាក់ កាលពីព្រឹកថ្ងៃអង្គារ​ ០៦រោច​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៨ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា មកដល់ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល ៦៧ ឆ្នាំហើយ គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិក្នុងបុព្វហេតុបម្រើប្រជាជននិងប្រទេសជាតិដោយឆ្លងកាត់ការតស៊ូដើម្បីមាតុភូមិ និង ប្រជាជនក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និង សមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ ស្វែងរកសន្តិភាព តាមរយៈនៃគោលនយោបាយ ឈ្នះ ឈ្នះ ស្តារប្រទេសជាតិពីបាតដៃទទេ ឆ្ពោះទៅរកការអភិវឌ្ឍ និង កាត់បន្ថយភាពក្រីក្រជូនប្រជាជន ។

ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (នាថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ដើម្បីថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ ការចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់បំផុត ។

ជាការផ្តាំផ្ញើនោះដែរ ឯកឧត្តមបណ្ឌិត មិនត្រឹមតែជម្រុញឲ្យមានការចូលរួមចលនាបោះឆ្នោត ចំពោះតែប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែតាមរយៈប្រធាន អនុប្រធានក្រុមបក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើចំណាកស្រុកផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកពីស្ថានការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានជម្រុញឲ្យបងប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជាលោកចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។

កត្តាសំខាន់នោះគឺផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារបានសន្តិភាព និង ការអភិវឌ្ឍមូលដ្ឋាន និង ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌរបស់ខ្លួន និង ត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និង រួមគ្នាការពារសន្តិសុខសុវត្ថិភាព និង ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង ។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាប់ដល់ប្រធាន អនុប្រធាន សមាជិក សមាជិកាទាំងអស់ឲ្យដឹងថា នៅពេលខាងមុខនេះ ខេត្តសៀមរាប និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ នៅ ខេត្តសៀមរាប ក្នុងការចារឹកនូវប្រវត្តិសាស្ត្រ និង ការទាក់ទាញ បង្ហាញពីជីវប្រវត្តិនៃសន្តិភាពនៅកម្ពុជា ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ៥២០នាក់ ម្នាក់ៗ ២០ពាន់រៀលផងដែរ ៕