នៅល្ងាចថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។
ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះ គឺមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ក្រោយចុះពីលើយន្ដហោះផងដែរ។
ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។
ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះគឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំ ចាប់តាំងពីបានចូលរួមប្រកួតកីឡាប្រចាំទ្វីបអាស៊ីមួយនេះនាឆ្នាំ១៩៥៤។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ វីរកីឡាករ វីរកីឡាការិនីដែលទទួលបានមេដាយមាសទាំងពីរ នាក់ដោយបានខិតខំប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។ នេះជាមោទនភាពមួយសំរាប់ប្រទេសកម្ពុជាដែល កម្ពុជាត្រូវរងចាំរយៈពេល៦៤ឆ្នាំ ទើបយើងទទួលបានមេដាយមាស បន្ទាប់ពីឆ្នាំ២០១៤យើងបានមេដាយមាសមួយ ដោយវីរកីឡាការិនី ស៊ន សៀវម៉ី ។ សម្តេចតេជោក៏ចូលរួមសោកស្តាយផងដែរចំពោះអ្នកដែលមិនបានទទួលមេដាយ ហើយសូមកុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងជាបន្តទៀត ព្រោះការខិតខំប្រឹងប្រែង និងការព្យាយាមតស៊ូ គង់បានសម្រេច។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អនុសាសន៍ ដល់កីឡករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងជាបន្ត ទៀត។ សូមឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគិតថាការប្រកួតចាញ់-ឈ្នះគឺជារឿងធម្មតារបស់កីឡាប៉ុន្តែសំខាន់ បំផុតនោះគឺត្រូវគោរពតាមច្បាប់នៃការប្រកួតរបស់គណៈកម្មការកីឡា ពិសេសគឺត្រូវតែជៀសវាងការប្រើប្រាស់សារធាតុលើកកម្លាំង ឬសារធាតុញៀនជាដើមដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះគ្រូបង្វឹក នៅតាមបណ្តាប្រទេសផ្សេងៗ ដែលបានជួយ បណ្តុះបណ្តាលបង្វឹកដល់កីឡាករ កីឡាការិនីយើង និងបានអរគុណដល់សហព័ន្ធកីឡា គណៈកម្មការកីឡាជាតិអូឡាំងពិកកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកីឡានេះឲ្យមានការីកចម្រើន។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពីរដ្ឋ ៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ។ ចំណែក ឯកីឡាករ សាលី អ៊ូមើត ទទួលបានថវិកាពីរដ្ឋចំនួន ១០៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន ១៣០០០ ដុល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និង ថវិការសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ។
មុននឹងពិធីបំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករ កីឡាការិនី និងបងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕