នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលតំណែងថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារនៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញគោលជំហរក្នុងការគាំទ្រ លោក Malcom Johnson ជាបេក្ខភាពសម្រាប់ចូលរួមការបោះឆ្នោតជាអគ្គលេខាធិការរងរបស់ ITU ក្នុងឱកាសសន្និសីទពេញអង្គរបស់ ITU ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ សហភាពអារ៉ាប់អេមីរ៉េត ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរាបជូនភ្ញៀវអំពីការវិវត្តនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជា ពិសេសការរៀបចំនូវគោលនយោបាយកំណែទម្រង់ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងស្របតាមស្ថានភាពវិវត្តជាក់ស្តែង និងឆាប់រហ័សនៃបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរាជទូតក្នុងការផ្តល់កិច្ចសហការទៅលើផ្នែកបណ្តុះបណ្តាលដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិ NIPTICT ដើម្បីបង្កើនធនធានមនុស្សឱ្យចេះជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនាញទូរគមនាគមន៍ អោយកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
លោកជំទាវឯកអគ្គរាជទូត បានស្វាគមន៍ចំពោះសំណូមពរនេះនឹងសិក្សាលើលទ្ធភាពក្នុងការផ្តល់ដោយផ្ទាល់នូវអ្នកជំនាញ ដើម្បីជួយការបណ្តុះបណ្តាលលើវិស័យ ICT និងការអភិវឌ្ឍកម្មវិធីសិក្សាទៅដល់វិទ្យាស្ថានជាតិ NIPTICT ៕