សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន


បន្ទាប់ពីបានជួបអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីបន្តជាមួយលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ជាបន្តទៀត។

​​ក្នុងជំនួបពិភាក្សា​គ្នានោះ លោក Li Keqiang បានមានប្រសាសន៍អបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែល​បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។ លោកមានប្រសាសន៍បន្តថា លោកចង់​ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ចិន កាន់តែបោះជំហានទៅមុខ​ខ្លាំង​ក្លាឡើងថែមទៀត។ សម្តេចតេជោបានរំលឹក ជូនលោកនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃ​ការ​អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជា​កាល​ពីពេលកន្លងមក។

ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកនាយក​រដ្ឋ​មន្រ្តីចិន ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ​២០២០​ខាងមុខ ដែលតាមរយ:នោះ សម្តេចសូមគោរពអញ្ជើញ ​នាយករដ្ឋមន្រ្តីចិន ​ចូល​រួម​ក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ ភាគីទាំងពីរ​បាន​ឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងហុភាគី បញ្ហាតំបន់ ​និង​អន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខ​រដ្ឋាភិ​បាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លង​មក​ចិន​បានផ្តល់កូតា​នាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។

លោកនាយករដ្ឋមន្រ្តីចិន បានមាន​ប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូល​អាស៊ី​អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា ចិននឹងបន្ត​គាំទ្រ​ដល់​ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ទៀត៕