សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២០


បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។

ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣:-

១) កម្ពុជា ស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាបានកត់សំគាល់ដោយក្តីរីករាយនូវបំណងតម្លើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ ស្របពេលជាមួយ នឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។

២)កម្ពុជា ស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបី គឺ ប្រជាជន, វិបុលភាព, និងសន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗទៀតនៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំបន់យើងទាំងពីរ ក៏ដូចជាប្រជាជនជារួម និង
៣) កម្ពុជា ស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិ បត្តិការឈ្នះ-ឈ្នះ ព្រមទាំងការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីបកូរ៉េ។

ការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូល សហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាងគឺទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការលើកទឹកចិត្ត និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថាការវិឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅសម្រេចបាននូវសន្តិភាពអចិន្រៃ្តយ៍ និងការរំសាយអាវុធនុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។

នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០នោះដែរ អង្គប្រជុំបានឯកភាពគ្នាក្នុងការ ចេញសេចក្តីប្រកាសព័ត៌រួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយការណ៍វឌ្ឍនៈភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ ២០១៦-២០២០៕