សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងជម្រាបលា


នារសៀលថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអនុញ្ញាតឲ្យឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ។

មានប្រសាន៍ទៅកាន់ឯឧត្តមឯកអគ្គរដ្ឋទូត សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរចំពោះសមិទ្ធិផលសម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តម ដែលបានរួមចំណែកដល់ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនជាលំដាប់ ហើយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងកាន់តែមានភាពល្អប្រសើរទៅថ្ងៃអនាគត។

ជាការឆ្លើយតប ឯកឧត្ដម William A. Heidt បានជំរាបជូនសម្ដេចក្រហោម ស ខេង ថាក្នុងមួយជីវិតរបបស់ឯកឧត្តម ១ភាគ៤ បានប្រើប្រាស់សម្រាប់ការបំពេញការងារនៅប្រទេសកម្ពុជា ហើយកាន់តែប្រសើរទៀតនោះ គឺឯកឧត្តមមានភរិយាជាជនជាតិខ្មែរ។ ឯកឧត្តមកអគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង សម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែន រវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

ឯកឧត្តមបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ផងដែរ​ដែលប្រទេសកម្ពុជា បានអនុវត្តយ៉ាងល្អតាមកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ហើយថាក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំអន្តោប្រវេសន៍អាមេរិក ដើម្បីពន្យល់នូវអ្វីដែលកម្ពុជាបានសហការជាមួយអាមេរិក។

ជាការកត់សំគាល់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបសម្ដេចក្រឡាហោម ស ខេង ថាកាលពីពេលថ្មីៗនេះ ឯកឧត្តមផ្ទាល់ បានស្នើទៅកាន់រដ្ឋាភិបាលអាមេរិកពិចារណាដកទណ្ឌកម្មទិដ្ឋាការមកលើមន្រ្តីក្រសួងការបរទេសកម្ពុជា ហើយថាទោះជាមិនទាន់មានចម្លើយបែបណា ឯកឧត្តមនឹងបន្តជំរុញសំណើរនេះបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាដកទណ្ឌកម្មទិដ្ឋាការមែននោះ វាប្រៀបបាននឹងការផ្ដល់ត្រឡប់មកកម្ពុជាវិញនូវអ្វី ដែលកម្ពុជាបានផ្ដល់ជូនសហរដ្ឋអាមេរិក តាមរយៈការអនុវត្តកិច្ចព្រមព្រៀងនានាជាមួយគ្នា ពិសេសវាប្រៀបបាននឹងការដូរដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់នៃជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចបានអរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកចំពោះសារលិខិតអបអរសាទរថ្ងៃឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា ខណៈដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិបានអញ្ជើញដោយផ្ទាល់សម្ដេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចសហរដ្ឋអាមេរិកតាមពេលវេលាសមរម្យ ឬបើអាចគឺនៅឆ្នាំ២០១៩ខាងមុខនេះ៕