បុរសខ្លាំងនៃកម្ពុជា៖ អ្នកដែលកំពុងនិយាយថាសម្តេច ហ៊ុន​ សែន កំពុងពង្រឹងអំណាចគឺជាការត្រឹមត្រូវណាស់


សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្នកដែលកំពុងនិយាយថា សម្តេចកំពុងតែពង្រឹងអំណាចនោះគឺជាការត្រឹមត្រូវណាស់ ហើយបានលើកឡើងថា បុគ្គលដែលធ្វើជាអ្នកដឹកនាំប្រទេសមួយ ត្រូវតែខ្លាំងពូកែ ព្រោះបើគ្មានសមត្ថភាពដឹកនាំទេ ស្ថានភាពប្រទេសជាតិ នឹងប្រឈមមុខជាមួយបញ្ហា។

ការមានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកខ្លះថាសម្តេច ហ៊ុន សែន កំពុងពង្រឹងអំណាច ត្រឹមត្រូវ ខ្ញុំរុញទូកបណ្តោយទឹកបន្ថែមថា ត្រឹមត្រូវណាស់។ បើក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលមួយខ្សោយ តើស្ថានភាពប្រទេសជាតិ វានឹងទៅជាយ៉ាងណា? អ្នកកំពុងនិយាយថា ហ៊ុន​ សែន កំពុងពង្រឹងអំណាចត្រឹមត្រូវណាស់ អបអរសាទរការនិយាយរបស់អស់លោកអ្នក»

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងទៀតថា កងទ័ពត្រូវតែពង្រឹងសមត្ថភាព រួបរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់។ កងទ័ពដែលស្មោះត្រង់នឹងរាជរដ្ឋាភិបាល មិនមានអ្វីខុសឆ្គងឡើយ តែកងទ័ពដែលមិនស្មោះត្រង់ នឹងត្រូវតែកម្ទេចចោល ដូចកងទ័ពនៃប្រទេសវេណេស៊ុយឡាជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ការមិនស្មោះត្រង់ដូចជាកងទ័ពរបស់សេនាប្រមុខ លន់ នល់ ដោយក្បត់រាជរដ្ឋាភិបាល ពោលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំងរួចម្តងហើយ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន​ សែន បានថ្លែងអំណរគុណគ្រប់ភាគីទាំងអស់ ដែលបានជួយធ្វើឲ្យកងទ័ពកម្ពុជា ខ្លាំងក្លាដូចពេលបច្ចុប្បន្ននេះ។

សម្តេចមានប្រសាសន៍បញ្ជាក់ថា «កងទ័ពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល គឺជារឿងធម្មតា មិនស្មោះត្រង់ដូចជាកងទ័ពរបស់ លន់ នល់​ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នោះហើយជាអំពើក្បត់របស់កងទ័ពនៅពេលនោះ ដែលនាំឲ្យប្រទេសខ្ទេចខ្ទាំ កងទ័ពដែលការពាររដ្ឋាភិបាលគ្មានអ្វីខុសទេ កងទ័ពប្រឆាំងរដ្ឋាភិបាលទេ គឺជាការខុស ដែលត្រូវតែកម្ទេច។ នៅវេណេស៊ុយឡា ការបះបោរត្រូវបានបង្ក្រាបជាបន្ទាន់ភ្លាម គេមិនអនុញ្ញាតទេរឿងនេះ»