រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ ដើម្បីពង្វាងទឹកកខ្វក់ចេញពីទន្លេបាសាក់តូច ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដើម្បីកែលម្អប្រព័ន្ធរំដោះទឹក និងប្រព័ន្ធប្រឡាយលូនៅក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀងដែលតែងតែបង្កឱ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់បរិស្ថាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការអនុវត្តគម្រោងខាងលើនេះ ចាប់ផ្តើមពីកុម្ភៈ ឆ្នាំ២០១៩តទៅ ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះរួមមាន៖
១. ជីកដាក់បណ្តាញលូមេពង្វាងទឹកកខ្វក់ចេញពីទន្លេបាសាក់តូចទំហំមុខកាត់ ១,២ម៉ែត្រ និង១,៥ម៉ែត្រ ប្រវែង ២៦៦០ម៉ែត្រ តាមបណ្តោយវិថីសប៊ិត មហាវិថីសម្តេចសុធារស និងកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
២. សាងសង់អាងស្តុកទឹកក្រោមដីដែលមានចំណុះ ៣០០០ម៉ែត្រគូប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមទឹក ៤,៥ម៉ែត្រគូបក្នុង១វិនាទី នៅសួនច្បារស្ពាននាគភ្លោះក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
៣. សាងសង់អាងស្តុកទឹកក្រោមដីចំណុះ ១០០ម៉ែត្រគូប និងបំពាក់ម៉ូទ័រស្វ័យប្រវត្តិដែលមានសមត្ថភាពបូមទឹក ៥០០ម៉ែត្រគូបក្នុង១ម៉ោង នៅជ្រុងរបងខាងកើតស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ដើម្បីចាប់ផ្តើមដំណើរការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានជីកសាកល្បងរកមើលបណ្តាញក្រោមដីនៅចំណុចមួយចំនួននៅលើ គន្លងវិថីសប៊ិត មហាវិថីសម្តេចសុធារស និងកំណាត់ម៉ៅសេទុង ដើម្បីបញ្ចៀសផលប៉ះពាល់ជាអតិបរមា៕