អាជ្ញាធរ​រាជធានី ប្រកាស​រៀបចំ​ចិញ្ចើមផ្លូវ ចាប់ពី​ផ្លូវ​នរោត្តម ដល់​មុខ​ព្រលាន​យន្តហោះ


រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចេញសេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ប្រកាស​ថា ខ្លួន​នឹង​អនុវត្ត​គម្រោង​ក្រាល​ការឺឡាថ្មី ការឺឡា​សម្រាប់​ជន​ពិការ​នៅលើ​ចិញ្ចើម​ផ្លូវ រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ និង​ខឿន​ស៊ុំ​ដើមឈើ ចាប់ពី​មហាវិថី​ព្រះនរោត្តម​ដល់​មុខ​ព្រលាន​យន្តហោះ ចាប់ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

គោលបំណង​នៃការ​អនុវត្ត​គម្រោងនេះ គឺ​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព និង​រៀបចំ​សណ្តាប់​ធ្នាប់​នៅលើ​ចិញ្ចើម​ផ្លូវ​សាធារណៈសងខាងតាម​ បណ្តោយផ្លូវខាងលើ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ក្នុង​ទិសដៅ​អភិវឌ្ឍរាជធានីភ្នំពេញ ព្រមទាំង​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​ផងដែរ។

ការ​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​រាជធានីភ្នំពេញ បាន​សង្កេត​ឃើញ​ថា ចិញ្ចើម​ផ្លូវ​សាធារណៈសងខាង​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ចាប់ពី​មហា​វិថី​ព្រះនរោត្តម ដល់​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដោយសារតែ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ បាន​ប្រើប្រាស់​ធ្វើ​ជាទីតាំង​លក់ដូរ ធ្វើចរាចរណ៍​លើ​ការឺឡា និង​មួយ​ចំនួន​ទៀត បាន​រៀបចំ​ក្រាល​ការឺឡា​ជា​លក្ខណៈ​ឯកជន និង​ជួសជុល​នៅពេល​ដែល​រងការ​ខូចខាត​ម្តងៗ​ដោយ​ខ្លួនឯង មិន​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ធ្វើឱ្យ​ចិញ្ចើម​ផ្លូវ​មាន​កម្រិត​កម្ពស់​មិនស្មើគ្នា បណ្តាល​ឱ្យ​បាត់​បង់​សោភ័ណភាព ព្រមទាំង​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ផងដែរ៕