សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឲ្យមានច្បាប់ប្រហារជីវិតនោះទេ ត្រឹមទោសមួយជីវិតគ្រប់គ្រាន់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា កម្ពុជាមិនចាំបាច់ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានច្បាប់ប្រហារជីវិត​នោះទេដោយសារតែពេលនេះកម្ពុជាមានច្បាប់ដែលដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់ឧក្រិដ្ឋជននោះ គឺគ្រប់គ្រាន់ហើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រការលើកឡើងរបស់លោកមេធាវី សុខ សំអឿន លោក អ៊ូ វីរៈ និងលោក សុខ ទូច ដែលមិនគាំទ្រឲ្យមានច្បាប់ប្រហារជីវិត។ សម្តេចតេជោ បានប្រកាសថា ពេលនេះ កម្ពុជាមិនចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឲ្យមានច្បាប់ប្រហារជីវិតនោះទេ។

ក្នុងឱកាស​សំណេះសំណាល ជាមួយគ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដោយសារតែខឹងនឹងជនដែលបានរំលោភកុមារីខ្លាំងពេក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចង់ឱ្យមានទោសប្រហារជីវិត ចំពោះជនដែលមានសណ្តានជាសត្វតិរច្ឆាន ទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ ប៉ុន្ដែ​ត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងពិធីនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភលើសេពសន្ថវៈលើកុមារ និងសកម្មភាពរំលោភសេពសន្ថវៈ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាពិសេសការដាក់ទោសមួយជីវិត ចំពោះជនរំលោភសេពសន្ថវៈ។

សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន២ នៅតំបន់អាស៊ាន ដែលមិនមានច្បាប់ប្រហារជីវិតអ្នកទោសឧក្រិដ្ឋជន។ កម្ពុជាមានទោសធ្ងន់ធ្ងរជាងគេ គឺជាប់ពន្ធនាគារមួយជីវិត សម្រាប់ឧក្រិដ្ឋជន។ មាត្រា​ ៣២​ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព​ និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោស​ប្រហារ​ជីវិត​ មិន​ត្រូវ​ឱ្យ​មាន​ឡើយ៕