ឯកឧត្តម ថោង ខុន ទទូចដល់ពលរដ្ឋខិតខំការពារធនធានធម្មជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលបានប្រាក់ចំណូលច្រើនជាងការបំផ្លាញ


(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ​បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងឡាយ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ហើយងាកមកខិតខំរួមគ្នាថែរក្សាការពារធនធានធម្មជាតិទាំងនោះ ទុកសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលទទួលបានប្រាក់ចំណូលច្រើនជាងការបំផ្លាញព្រៃឈើទៅទៀត។

ការអំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ដែលមានទីតាំងស្ថិតនៅភូមិក្បាលទឹក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើត និងរៀបចំតំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ពិសេសគឺវិស័យទេសចរណ៍សហគមន៍​ព្រោះថាវិស័យទេសចរណ៍សហគមន៍នេះ គឺមានប្រយោជន៍សំខាន់ណាស់ក្នុងការជួយដល់ការការពារនូវធនធានធម្មជាតិ មានព្រៃឈើ សត្វព្រៃជាដើម។

ឯកឧត្តមបានបន្តថា ទាំងអង្គការទេសចរណ៍ពិភពលោក ទាំងអាស៊ាន និងរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញវិស័យទេសចរណ៍សហគមន៍នេះយ៉ាងខ្លាំង ដោយមានការចងក្រងប្រជាពលរដ្ឋទៅជាសហគមន៍ទេសចរណ៍ ដើម្បីបង្វែរពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វ មកជាការការពារធនធានធម្មជាតិទាំងនោះវិញ។

ឯកឧត្តម ថោង ខុន បានអះអាងចំពោះប្រជាពលរដ្ឋថា «ប្រសិនបើបងប្អូនបញ្ឈប់ការបំផ្លាញព្រៃឈើ ឈប់បរបាញ់សត្វ ហើយងាកមកថែរក្សាការពារ ទុកសត្វឱ្យភ្ញៀវទេសចរមើល ទុកព្រៃឈើឱ្យភ្ញៀវទេសចរទស្សនាកម្សាន្ត ផ្ដល់សេវាដល់ភ្ញៀវទេសចរ បងប្អូននឹងទទួលបានប្រាក់ចំណូលយ៉ាងច្រើន ជួយជំរុញជីវភាពកាន់តែល្អប្រសើរ ជាជាងការបំផ្លាញធនធានធម្មជាតិទាំងនោះ»

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍នេះទៀតសោត ក៏ត្រូវការការចូលរួមពីភាគីពាក់ព័ន្ធចំនួន ៤ផ្នែក រួមមាន៖

* P1= Public (ផ្នែកសាធារណៈ)៖ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវចូលទស្សនា) ត្រូវតបណ្ដាញអគ្គិសនី ត្រូវរៀបចំឱ្យមានប្រព័ន្ធអ៉ីនធឺរណេត សេវាទូរស័ព្ទ ត្រូវបង្កើតសាលារៀនជូនប្រជាជន ត្រូវបណ្ដុះបណ្ដាលជំនាញ ឬចំណេះដឹងនានាដល់ប្រជាជនរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា និងច្បាប់ ដើម្បីគាំទ្រ និងការពារសហគមន៍។ល។

* P2= Partnership (ដៃគូអភិវឌ្ឍន៍)៖ ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហរិញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ការផ្សព្វផ្សាយពីសហគមន៍ដែលមានការទទួលខុសត្រូវ តាមរយៈបណ្តាញសហគមន៍អន្តរជាតិ។

* P3= Private (ផ្នែកឯកជន)៖ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានការទទួលខុសត្រូវទៅកាន់សហគមន៍ទេសចរណ៍ និងអាចជួយពិចារណានាំគម្រោងវិនិយោគខ្នាតតូច (Small Scale) ដូចជា Eco-lodges មកកាន់សហគមន៍។ ប៉ុន្តែអ្នកវិនិយោគមិនមែនជាម្ចាស់លើសហគមន៍នោះទេ សហគមន៍គឺជាម្ចាស់ រីឯអ្នកវិនយោគតាមសេវានីមួយៗ ជាអ្នករួមចំណែកជួយដល់សហគមន៍។

* P4= People (ប្រជាសហគមន៍ និងទេសចរ)៖ ប្រជាសហគមន៍ជាបញ្ហាគន្លឹះ ពួកគាត់ត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញ់ព្រៃឈើ។

ពាក់ព័ន្ធនឹងរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់ភ្ញៀវទេសចរមកទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខផងដែរ ព្រោះនៅទីនោះមានទឹកធ្លាក់ត្រជាក់ល្ហឹមដ៏សែនរមនា៕