ប្រទេសចិនបានឯកភាពជួយសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing កាលពីថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ បានស្នើរឱ្យមានកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។
ឯកឧត្តម ស៊ុនចាន់ថុលក៏បានពិភាក្សាពីការតភ្ជាប់ច្រករបៀងប៉ែកខាងត្បូង រវាងប្រទេសចិន ក្រុង Chongqing ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ រវាង កម្ពុជា-ចិន និងប្រទេសក្នុងតំបន់។
លោក Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំ ផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយលោក Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក Zhou ក៏បានឯកភាពតាមសំណើរបស់ទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលផងដែរ លើកិច្ចសហប្រតិបត្តិការ នៃការកសាង និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសន្យាថា នឹងពិនិត្យលទ្ធភាព ផ្តល់ជូននូវគ្រូបណ្តុះបណ្តាលជំនាញពីក្រុង Chongqing ទៅកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងឱកាសសិក្សាស្វែងយល់ ទៅវិញទៅមក ព្រមទាំងលទ្ធភាពនៃការផ្តល់ជូនអាហារូបករណ៍ ទៅដល់និស្សិតកម្ពុជា ថ្នាក់ឧត្តមសិក្សាផងដែរ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាង ក្រុង Chongqing និងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ មួយកម្រិតទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះឆន្ទៈ និងគោលជំហរ ក្នុងការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសទំនាក់ទំនង រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ហើយលោកទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ និងចូលរួមជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតទៀត៕