ដំណឹងល្អ​៖ ឥឡូវនេះ​ប្រទេស​ជប៉ុន​​បាន​ចាប់ផ្តើម​​ទទួល​យក​កម្មករ​​ជំនាញ​​ពី​កម្ពុជា


កម្ពុជា​-ជប៉ុន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

លោក​ Takashi​ YAMASHITA​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ នៃ​ប្រទេស​ជប៉ុន​ បាន​ឱ្យ​ដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៥​ ខែមីនា​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ កាលពី​ឆ្នាំ​កន្លងទៅ​ កម្ពុជា​-ជប៉ុន​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៦៥នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ជប៉ុន​ ហើយ​ការ​ចុះ​អនុស្សារ​ណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ពលករ​ជំនាញ​នា​ថ្ងៃនេះ​ ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​ទំនាក់ទំនង​ដ៏​ស្អិត​រមួត​ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ ។

ឯកឧត្តម​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា​-ជប៉ុន​ ដែល​បាន​ខិតខំ​សហការ​គ្នា​ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ នា​ពេល​កន្លងមក​រហូត​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

ឯកឧត្តម​ថា​ បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ សិក្សា​ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ១ម៉ឺន១ពាន់​នាក់​ ក្នុង​នោះ​កម្មសិក្សា​ការី​មាន​ប្រមាណ​ជិត ៧ពាន់​នាក់​។

តាមរយៈ​អនុស្សារ​ណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ បញ្ជាក់​ថា​ ពលករ​ជំនាញ​កម្ពុជា​នឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ​ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង​ សម្រាប់​កម្ពុជា​ផង​ ក៏ដូចជា​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់ជ្រុងជ្រោយ​ជា​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​។រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទទួល​ជនភៀសខ្លួន​ និង​ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ នៅ​ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ ដោយ​បង្កើត​ទិ​ដ្ឋា​កា​ការងារ​ថ្មី​ចំនួន២ប្រភេទ​គឺ​ “ពលករ​ជំនាញ១​” និង​ “ពលករ​ជំនាញ២​”។

ច្បាប់​នេះ​នឹង​ចាប់​ផ្ដើមអនុវត្ត​នៅ​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៩​។ ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សា​ការី​នៅ​អនុវត្ត​ដដែល​។ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង​ ២ ប្រភេទ​ ពី​ប្រទេស​ចំនួន៨​ រួមមាន​ កម្ពុជា​ ចិន​ វៀតណាម​ ហ្វីលីពីន​ ឥណ្ឌូ​នេ​ស៊ី​ ថៃ​ មីយ៉ាន់ម៉ា​ និង​នេប៉ាល់​ ចំនួន​ ៣៤៥,១៥០នាក់​ ក្នុងរយៈពេល ៥ឆ្នាំ​ដំបូង​ក្នុង​នោះ​៖ ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន ១៤ប្រភេទ​ រួមមាន​ផ្នែក​ថែទាំ​មនុស្សចាស់​ ការ​សំអាត​អាគារ​ ការផលិត​គ្រឿងបន្លាស់​ ការផលិត​គ្រឿងម៉ាស៊ីន​ ការ​ផលិត​គ្រឿងអគ្គិសនី​ និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ ការងារ​សំណង់​ ការផលិត​នាវា​ ការ​ជួសជុល​ និង​តម្លើង​រថយន្ត​ ការងារ​អាកាសចរណ៍​ ការរៀបចំ​បន្ទប់​ស្នាក់នៅ​ កសិកម្ម​ នេសាទ​ និង​វារីវប្បកម្ម​ ការផលិត​អាហារ​និង​ភេសជ្ជៈ​ និង​ការងារ​នៅ​ភោ​នី​យដ្ឋាន​។

កម្ពុជា​ជា​ប្រទេស​ទី២​ ដែល​បាន​ចុះ​អនុស្សារ​ណៈ​នេះ​នៅ​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៩​៕