ព្រះសីហនុ ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានដឹកនាំលោកគ្រូ អ្នកគ្រូ និងគរុសិស្ស ចំននួ ៤៥០នាក់ នៅខេត្តស្វាយរៀង មកបំពេញទស្សនៈកិច្ចនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
នាឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឈានទៅរកភាពរុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានប្រែក្លាយពីប្រទេសមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញនិងបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអប់រំផងដែរ ក្នុងឱកាសសម្តេចតេជោជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅខេត្តស្វាយរៀងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះដោយបានផ្តល់អាគារសិក្សាដល់សាលាគរុកោសល្យ និងវិទ្យាល័យស្វាយរៀង ហើយសម្តេចក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ គរុសិស្សទាំងអស់ធ្វើដំណើរទស្សនៈកិច្ចនៅខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ចជូនមកលោកជំទាវឧបនាយករដ្ឋន្ត្រី រួមជាមួយអ្នកតំណាងរាស្ត្រនៅក្នុងខេត្តស្វាយរៀងជាអ្នករៀបចំ។ ចំពោះដំណើរកំសាន្តនេះផងដែរបានបង្ហាញអំពីភាពជិតស្និទ្ធ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជដ្ឋាភិបាលក្នុងការ លើកទឹកចិតដល់លោកគ្រួ អ្នកគ្រូ និងគរុសិស្ស ខិតខំក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកជំទាវក៏បានថ្លែងអំណរគុណដល់លោកគ្រួ អ្នកគ្រូ និងគរុសិស្សទាំងអស់គ្នាដែលបានទៅចុះឈ្មោះបោះឆ្នោតនាពេលកន្លងទៅ និងបានសំណូមពរឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសតាំងតំណាងរាស្ត្រ និងគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិខាងមុខ និងអាណត្តបន្តបន្ទាប់ទៀត។
ជាទីបញ្ជប់លោកជំទាវក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកជំទាវឧកញ៉ា និងអជ្ញាធរខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភគាំទ្រ និងសម្រសម្រួលដល់ក្រុមការងារ។
លោកជំទាវក៏បានឧបត្ថម្ភដល់អ្នកបើកបរចំនួន១៤នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ គរុសិស្សចំនួន ៤៥០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រួ និងគរុសិស្ស ចំននួ ៤៥០នាក់ នៃខេត្តស្វាយរៀង បានធ្វើដំណើរកំសាន្តនៅខេត្តព្រះសីហនុ
