លោក សុះ មូសិន និងលោក ម៉ៅ ធនិន ប្រគល់វិហារឥស្លាមត្បែងបង្គាប ជូនសាសនិកខ្មែរឥស្លាមប្រើប្រាស់ជាផ្លូវការ


(ពោធិ៍សាត់)៖ វិហារឥស្លាមត្បែងបង្គាប ទំហំ១០ម៉ែត្រx១៥ម៉ែត្រ ដែលមានតម្លៃជាង ៣ម៉ឺនដុល្លារ ស្ថិតក្នុងភូមិត្បែងបង្គាប ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវប្រគល់ជូនសាសនិកខ្មែរឥស្លាម សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក សុះ មូសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រូពេទ្យមូស្លីមកម្ពុជា និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។ ពិធីប្រគល់វិហារឥស្លាមនាពេលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូនសាសនិកខ្មែរឥស្លាមជាច្រើនកុះករ។
លោក ផាយ ឡេង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា វិហារឥស្លាមត្បែងបង្គាប ដែលប្រគល់ជូននាថ្ងៃនេះ ធ្វើឡើងស្របពេលជាមួយបុណ្យ ម៉ៅ លត់ ជាបុណ្យប្រពៃណីរបស់បងប្អូនសាសនិកខ្មែរឥស្លាម។ លោកអភិបាលស្រុកបន្តថា វិហារឥស្លាមនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ និងបញ្ចប់រួចរាល់ជាស្ថាបពរ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដែលក្នុងនោះក៏មានការចូលរួមជាថវិកា របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី និងលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា សម្រាប់ចាក់សាបជុំវិញវិហារផងដែរ។
លោក ម៉ៅ ធនិន និងលោក សុះ មូសិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងអស់នេះ ដោយបានចាត់ទុកថា នេះជាគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ។ លោកបានលើកឡើងថា គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងបី។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គឺពិតជាស្នាដៃប្រវត្តិសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គ្រប់សាសនាមានគោលដៅតែមួយ គឺដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មានគុណធម៌ សច្ចធម៌។ ផ្អែកតាមរដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់សើ្មគ្នា ចំពោះសាសនាអ៊ីស្លាម ក៏ដូចជាសាសនាផ្សេងៗទៀត ដោយជួយស្ថាបនាជាវិហារ ធានានូវសេរីភាព ចំពោះកិច្ចប្រតិបត្តិសាសនា ជាពិសេសបង្កើតនូវស្ថាប័នសម្រាប់កិច្ចការងារសាសនាឥស្លាមជាដើម។ ឈរលើមូលដ្ឋាននេះ សាសនាឥស្លាមនៅកម្ពុជា សម្រេចបាននូវការរីចម្រើនយ៉ាងខ្លាំង និងបានឈរស្មើគ្នា ជាមួយសាសនាឥស្លាម នៅក្នុងតំបន់ និងក្នុងពិភពលោក។
លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងក្មួយៗ ត្រូវថែរក្សាសមិទ្ធិផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយទៀត និងបម្រើឲ្យសាសនា។ ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យក្មួយៗទាំងអស់ ជៀសឲ្យផុតពីគ្រឿងញៀន ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសវុត្ថិភាព៕