ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា តាមរយៈយុវជនស្ម័គ្រចិត្ដប្រទេសម៉ាឡេស៊ី នឹងធ្វើឱ្យសង្គមកម្ពុជា ទទួលបានការអប់រំប្រកប ដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការចូលរួមចំណែកជួយបណ្ដុះបណ្ដាល និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ការលើកឡើងរបស់ឯកឧត្ដមនេះ ក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តប្រទេសម៉ាឡេស៊ី HNSB Volunteer Cam bodia លើកទី៤ ក្រោមប្រធានបទ បុព្វហេតុនៃស្នាមញញឹម នៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងកោតសរសើរ ដល់ទឹកចិត្តសប្បុរសធម៌របស់យុវជន ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលនេះគឺជាសក្ខីភាពនៃការជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិ និងប្រជាជាតិនៅក្នុងសកលលោក។ ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានស្នើឱ្យប្អូនៗយុវជន ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការអនុវត្តការងារ។
សូមបញ្ជាក់ដែរថា តាមរយៈកម្មវិធី HNSB Volunteer ដឹកនាំដោយលោក Shahrul nizam Bin Kamal អគ្គនាយករង និងជាអ្នកគ្រប់គ្រងកម្មវិធីនេះ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាមក ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះគឺជាលើកទី៤ហើយ នៃសកម្មភាពមនុស្សធម៌របស់ កម្មវិធី HNSB Volunteer នៅលើទឹកដីកម្ពុជា ដែលលើកនេះធ្វើសកម្មភាពនៅគោលដៅ ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្តោតទៅលើកិច្ចការមួយចំនួនមានដូចជា ការលាបថ្នាំសាលារៀន ធ្វើបង្គន់អនាម័យ និងកម្មវិធីអប់រំផ្សេងៗទៀត៕