រសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលគម្រោងជួសជុល និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រគោកម្លូ ស្ថិត ក្នុងឃុំចំនួន២ គឺឃុំជ្រោយបន្ទាយ និងឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើស្រូវវស្សា ចំនួន ១៣០០ ហិកតា និងស្រូវប្រាំង ចំនួន ៩៥០ ហិកតា ក្នុងទំហំការងារដែលគម្រោងរួមមាន ៖
-សាងសង់សំណង់បង្ហៀរបេតុង ០១កន្លែង មានប្រវែង ១៨២ម៉ែត្រ
-ជួសជុលទ្វារទឹក ០១ កន្លែង
-ស្តារប្រឡាយមេ(ជំហាន១) ៣០០០ម៉ែត្រ
ក្នុងឱកាសនៃការចុះពិនិត្យមើលទំនប់អាងទឹកគោកម្លូ ឯកឧត្តមអគ្គនាយក បានណែនាំដល់ក្រុមបច្ចេកទេសអំពីការងារសាងសង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសលើការងារលាយបេតុង ដោយធ្វើយ៉ាងណាឲ្យគុណភាពសំណង់មានលក្ខណៈរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ៕