(ព្រះវិហារ)៖ ឯកឧត្តម ជា សែ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានផ្តាំផ្ញើទៅដល់សមាជិកបក្ស នៅតាមឃុំ-ភូមិ ត្រូវផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍រីកចម្រើនក៏ដូចជា ការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យប្រជាពលរដ្ឋ បានដឹងបានយល់ពីការខិតខំពិតប្រាកដ របស់ថ្នាក់ដឹកនាំយើងកាន់តែច្បាស់ថែមទៀត។
ការជំរុញបែបនេះរបស់ ឯកឧត្តម ជា សែ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីប្រធាន អនុប្រធាន គណៈកម្មាធិការបក្សស្រុក-ឃុំ-ភូមិ ជាច្រើនរូបទៀត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ថ្លែងទៅកាន់សមាជិកសមាជិកាគណបក្សនាឱកាស ឯកឧត្តម ជា សែ បានថ្លែងបញ្ជាក់ថា តាមសេចក្តីជូនដំណឹងស្តីពី លទ្ធផល នៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ ក៏បានពិភាក្សា អនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០១៩ និងទិសដៅភារកិច្ច ឆ្នាំ២០២០ ដោយអង្គសន្និបាតបានពិភាក្សា និងក្តាប់ជាប់នូវតួនាទីភារកិច្ចរបៀបរបបការងារ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបានបន្តថា ក្នុងស្មារតីនេះអង្គសន្និបាត បានសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ ពីតម្លៃយ៉ាងធំធេងបំផុត នៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សាសុខសន្តិភាព និងបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វើឱ្យបរាជ័យរាល់ឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយម នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ជា សែ ក៏បានជំរុញដល់សមាជិ សមាជិកាគណបក្សស្រុកទាំងអស់ ជាពិសេសក្រុមក្មួយៗដែលជា សមាជិកបក្សថ្មីត្រូវខិតខំ ពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីការងារ ក្នុងគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕