អភិបាលខេត្តកំពង់ចាម សម្ពោធដាក់ឱ្យប្រើប្រាស់សាលាឆាន់១ខ្នង តម្លៃជាង ៣០ម៉ឺនដុល្លារ នៅស្រុកស្ទឹងត្រង់


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការឧប្បដ្ឋានសាលា១ខ្នង ដែលបានសាងសង់រួចរាល់ ជាស្ថាពរ ចំណាយអស់ថវិកាជាង ៣០ម៉ឺនដុល្លារ នៅវត្តមេសរររាម ស្ថិតក្នុងឃុំស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឧប្បដ្ឋានសាលា១ខ្នងនេះ មានទំហំទទឹងប្រវែង ២៣ម៉ែត្រ បណ្ដោយប្រវែង ៣៤ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ថវិកា ៣៣៥,០០០ដុល្លារ ថវិកានេះ បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរួមនឹងថវិកា ចូលរួមកសាងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មួយចំនួន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សំណង់ឧប្បដ្ឋានសាលាដ៏ធំនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ហើយក៏ជាសមិទ្ធផលថ្មី ក្នុងបណ្ដាលសមិទ្ធផលជាច្រើន នៅតាមទីអារាមនានា ក្នុងខេត្តកំពង់ចាម។ ម្យ៉ាងវិញទៀត សមិទ្ធផលដែលបានកសាងអស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានមកពីការរួមសាមគ្គីមូលមតិគ្នាកសាងឧប្បដ្ឋានសាលានេះឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ជាប្រយោជន៍ ទៅតាមគន្លងព្រះពុទ្ធសាសនា។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពនេះ ការអភិវឌ្ឍរីកចម្រើនមានសមិទ្ធផលជាច្រើន បានកើតឡើងនៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជានៅតាមបណ្ដាស្រុកផ្សេងៗទៀត ក្នុងខេត្តកំពង់ចាមផងដែរ។ ជាពិសេសសមិទ្ធផល ដែលកំពុងលេចធ្លោ នៅក្នុងស្រុកស្ទឹងត្រង់ គឺស្ពានមួយខ្សែសាងសង់ ឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ទៅកាន់ស្រុកក្រូចឆ្មារ ដែលជាស្ពានប្រវត្តិសាស្ត្រ គឺសាងសង់បាន៧០ភាគរយហើយ មិនយូរប៉ុន្មានបន្ទាប់ពីស្ពាននេះសាងសង់រួចសម្ដេចតេជោ ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ សម្រាប់ជាប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ធ្វើចរាចរលើស្ពានមួយនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទៅថ្ងៃខាងមុខស្រុកស្ទឹងត្រង់ គឺជាទីប្រជុំជន ចំណុចកណ្ដាលមួយ ដែលអាចបង្កើនមុខរបរយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរកទទួលទាន ដោយហេតុថា បន្ទាប់ពីស្ពានមួយខ្សែបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ អ្នកដំណើរដែលមានទិសដៅចេញពីភ្នំពេញ ឬពីបណ្ដាខេត្តផ្សេងៗ ឆ្ពោះទៅកាន់ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ជាដើម គឺបានឆ្លងកាត់ នៅចំណុចស្ពានស្រុកស្ទឹងត្រង់នេះ។ ដូច្នេះ ភាពអ៊ូអរ នៃអ្នកដំណើរ និងភ្ញៀវទេសចរអាចជាបច្ច័យនាំឱ្យអ្នកស្រុកស្ទឹងត្រង់ និងអ្នកស្រុកក្រូចឆ្មារ បង្កើនមុខរបររកទទួលទានរកភាពរីកចម្រើន នៅក្នុងគ្រួសារឱ្យមានជីវភាពធូរធារឡើងមួយកម្រិតទៀត៕