ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជំរុញអាជ្ញាធរខេត្តក្រចេះ យកចិត្តដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បណ្តាលមកពីបាតុភូតធម្មជាតិ


(ក្រចេះ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹក និងជំរុញដល់អាជ្ញាធរខេត្តក្រចេះ យកចិត្តទុកដាក់ឱ្យបានខ្ពស់ និងត្រៀមលក្ខណៈផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីបាតុភូតធម្មជាតិ។

ការក្រើនរំលឹករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅក្នុងខេត្តក្រចេះនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីមន្ត្រីទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តនេះ ឯកឧត្តម គន់ គីម បានគូសបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុងាយបង្កឱ្យមានបាតុភូតធម្មជាតិផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា បាតុភូតធម្មជាតិទាំងនេះ ងាយនឹងបង្កឱ្យកើតមានហានិភ័យផ្សេងៗប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមន្ត្រី និងកងកម្លាំងប្រដាប់អាវុធក្នុង ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិផ្សេងៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើទោះបីជាយ៉ាងណាក្នុងពិធីនាព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសសេីរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩កន្លងទៅទឹកជំនន់ធ្វើឱ្យប៉ះពាល់ដំណាំស្រូវ ៥,៩៤៧ហិកតា ខូចខាត ៤,៤៣៩ហិកតា ដំណាំរួមផ្សំ ៧១០ហិកតា ខូចខាត ៦៨០ហិកតា និងប៉ះពាល់សត្វពាហានៈ ១៣,៩៩៦ក្បាល។

ហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែង ៤២,០៨១ម៉ែត្រ ផ្លូវលំ ៩២,៦០០ម៉ែត្រ ស្ពាន៨៤កន្លែង និងទំនប់ប្រវែង ៦៦,៦២៣ម៉ែត្រ ពុំមានការខូចខាតទេ។ ក្រៅពីនេះមានការបាក់ស្រុតច្រាំងទន្លេមេគង្គនៅមុខសាលាខេត្ត បច្ចុប្បន្នកំពុងដំណើរការសាងសង់ដែលមានប្រវែង ១៧៥ម៉ែត្រ។ បាក់ស្រុតច្រាំងទន្លេមេគង្គប្រវែង ៦៧៣ម៉ែត្រ ក្នុងឃុំឆ្លូង ស្រុកឆ្លូង រលំផ្ទះប្រជាពលរដ្ឋ ១៨ខ្នង។ ប្រជាពលរដ្ឋ ១៨គ្រួសារនេះ ប្រឈមនឹងបញ្ហាខ្វះខាតដីសម្រាប់សង់លំនៅឋាន។

ទឹកជំនន់នេះប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២០,០៧៨ខ្នងផ្ទះ ស្មើនឹង ២០,០៧៨គ្រួសារ ខូចខាត ២០ខ្នងផ្ទះ ប៉ះពាល់សាលារៀន៨០កន្លែង មណ្ឌលសុខភាព និងប៉ុស្តិ៍៨កន្លែង វត្តអារាម៣៧កន្លែង និងបណ្តាលឱ្យស្លាប់មនុស្ស៥នាក់។

ដោយឡែកខ្យល់កន្ត្រាក់ បានធ្វើឱ្យរលំផ្ទះ ៤៧ខ្នង របើកដំបូល ៤២៥ខ្នង សាលារៀន៣ខ្នង បណ្តាលឱ្យរបួសមនុស្ស ៥នាក់ និងស្លាប់ ១នាក់។ ដោយឡែកគ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៩កន្លងទៅបានកើតមានចំនួន ១៤លើក ឆេះផ្ទះ ២២ខ្នង ផ្សារចំនួន៣តូប អគារដ្ឋបាលចំនួន២កន្លេអ និងបណ្តាលឱ្យមនុស្សរបួស២នាក់។

ដើម្បីត្រៀមបង្កាបញ្ហានានាដែលបណ្តាលមកពីបាតុភូតធម្មជាតិនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តយកចិត្តទុកដាក់ទៅបញ្ហាមួយចំនួនទៀតដូចខាងក្រោម៖
១៖ ត្រូវក្តាប់ជាបព័ត៌មានអំពីការកេីតគ្រោះមហន្តាយ និងមុខសញ្ញាងាយទទួលរងគ្រោះ។
២៖ មានវិធានការទប់ស្កាត់ សង្គ្រោះ និងឆ្លើយតប ទៅនឹងគ្រោះមហន្តរាយអោយបានទាន់ពេលវេលា សំដៅកាត់បន្ថយផលប៉ះពាល់ឱ្យមានកម្រិតទាបបំផុត។
៣៖ តាមសំណេីរបស់លោកទេសរដ្ឋមន្ត្រី បានសុំឱ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយដីជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេ ជាង ១០០គ្រួសារ ដែលអត់ដីសង់លំនៅដ្ឋានតាមសំណេីរបស់ខេត្ត។
៤៖ ជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជន ៤០ខ្នង នៅទីតាំងថ្មី ឃុំក្បាលដំរី ស្រុកសំបូរ ដេីម្បីចែកជូនប្រជាពលរដ្ឋមុនរដូវវស្សា
៥៖ ចំពោះអ្នកដែលរស់នៅលេីផ្ទះអំណោយរបស់សម្តេចតេជោ នៅភូមិសំបួរសែនជ័យ៥ឆ្នាំហេីយនោះ សុំឱ្យស្ថាប័នជំនាញចេញប័ណ្ណកម្មសិទ្ធជូនគាត់ និងមានវិធានការចំពោះអ្នកដែលមិនមកនៅ ឬ មកនៅម្តងកាល។
៦៖ ត្រូវបន្តមេីលថែអតីតយុទ្ធជនដែលជួបលំបាក មានធុរៈ និងមានជំងឺ។ នៅពេលមានគ្រោះមហន្តរាយ មុខសញ្ញាងាយរងគ្រោះ គឺជាអាទិភាពដែលត្រូវយកចិត្តទុកដាក់។
៧៖ ទាក់ទងទៅនឹងការបាក់ច្រាំងទន្លេ សុំឱ្យខេត្ត និងក្រសួងជំនាញ សិក្សាស្តារផ្លូវទឹក ដេីម្បីបញ្ចៀសមុខទឹកចេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកមន្ត្រី អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តថា ត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងាររបស់មន្ត្រីទាំងអស់គ្នា៕