នៅវេលាម៉ោង ៤រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក រ៉ត បាសិទ្ធ នាយកផ្នែកកសិកម្មនៃក្រុមហ៊ុនសោម៉ាគ្រុប ចូលជួបពិភាក្សាការងារ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអនុវត្តកិច្ចសន្យាកសិកម្មជាមួយកសិករ។
លោក រ៉ត បាសិទ្ធ មានប្រសាសន៍ថាក្រុមហ៊ុនមានបំណងកែប្រែពីការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលមិនមានភាពច្បាស់លាស់ ទៅជាការអនុវត្តជាលក្ខណៈផ្លូវការ ដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានបំណងរៀបចំជាហេដ្ឋារចនាសម្ព័ន្ធកសិកម្មអោយបានពេញលេញ ការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើប ការរៀបចំស្រែបង្ហាញ និងការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់កសិករផងដែរ។ ក្រុមហ៊ុននឹងព្យាយាមអោយអស់លទ្ធភាពក្នុងការប្រមូលយកនូវកិច្ចសហការទាំងឡាយ ដូចជាការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដៃគូអភិវឌ្ឍន៏ និងកសិករ ដើម្បីជំរុញការអភិវឌ្ឍដំណាំស្រូវនៅកម្ពុជាទទួលបានជោគជ័យ។ ក្រុមហ៊ុនកំពុងពិនិត្យស្វែងរកទីតាំងនៃការដាំដុះ ហើយគ្រោងនឹងចាប់ដំណើរការក្នុងរដូវវស្សាខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសប្បាយរីករាយ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការសកម្មភាពរបស់ក្រុមហ៊ុនសូម៉ាគ្រុប ដែលបានធ្វើការសម្របសម្រួល និងមានកិច្ចសហការល្អជាមួយភាគីសំខាន់ៗ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ប្រសិនបើក្រុមហ៊ុនមានការគាំទ្រទៅលើបច្ចេកទេសនៃការរៀបចំដី និងទឹក ព្រមទាំងមានការគាំទ្រនូវបច្ចេកទេសប្រមូលផល នោះនឹងទទួលបានទិន្នផលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាគំរោងវិនិយោគរបស់ក្រុមហ៊ុនសូម៉ាគ្រុប នឹងទទួលបានជោគជ័យ និងជាគំរូដ៏ល្អសម្រាប់ការវិនិយោគលើវិស័យកសិកម្មផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយក្រុមហ៊ុនបន្តជួបពិភាក្សាលម្អិតជាមួយក្រុមការងារបច្ចេកទេសក្រសួងដើម្បីពន្លឿនកិច្ចដំណើរការ និងអាចចាប់ផ្តើមអនុវត្តបានឆាប់ទៅតាមផែនការគ្រោងទុក៕
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យនាយកផ្នែកកសិកម្មនៃក្រុមហ៊ុនសោម៉ាគ្រុប ចូលជួបពិភាក្សាការងារ
