(រតនគីរី)៖ ការដាស់តឿនក្រើនរំលឹកក៏ដូចជាការណែនាំខាងលើនេះក្នុងឱកាសដែលឯកឧត្តមអមដំណើរដោយប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋជាលក្ខណះគ្រួសារនៅភូមិជ្រីឃុំសង្កាត់យក្ខឡោម ក្រុងបានលុង និងការដាំបន្លែរបស់ប្រជាពលរដ្ឋនៅភូមិល្អើនក្រែនឃុំអូរជុំស្រុកអូរជុំនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ថង សាវុន បានលើកឡើងថាសូមប្រជាកសិករទាំងអស់ ត្រូវបង្កើនការចិញ្វឹមសត្វដូចជាមាន់ ទា ជ្រូកជាដើមព្រមទាំងដាំដំណាំបន្លែបង្ការរួមផ្សំផ្សេងៗបន្ថែមទៀត ចៀសវាងទុកដីទំនេរចោល ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យមួយបង្កើននូវចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចសេដ្ឋកិច្ចគ្រួសាជាពិសេសវាបានបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានលក្ខណៈល្អប្រសើរ។ ដោយឡែកអាជ្ញាធមូលដ្ឋាន ភូមិ ឃុំ ត្រូវធ្វេីការចុះផ្សព្វផ្សាយដល់បងប្អូនកសិករដែលដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វនៅមូលដ្ឋានរបស់ខ្លួន អោយបានផុលផុស តាមរយៈការជម្រុញអោយកសិករយើងធ្វេីកសិកម្មសុវត្ថិភាព គ្មានជាតិគីមី ដើម្បីលេីកកម្ពស់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្តបានអោយ មន្ទីរកសិកម្មណែនាំគ្រាប់ពូជដំណាំក៏ដូចជាពូជសត្វដែលល្អៗដែលងាយចិញ្វឹម និងងាយដាំដុះហើយទទួលផលក្នុងរយៈពេលខ្លីជូនដល់កសិករដែលប្រកបរបរនេះ និងចាត់មន្រ្តីជំនាញចុះប្រឹក្សាបច្ចេកទេស ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងមន្ទីរជំនាញ និងប្រជាកសិករ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានគ្រាប់ពូជដំណាំល្អ ហេីយមានពូជសត្វល្អ យកទៅចិញ្ចឹមសត្វពាហនៈ និងដាំដុះតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម ដើម្បីទទួលបានទិន្នផលល្អ។
ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក និងប្រទេសកម្ពុជាយើងផងនោះ ឯកឧត្តម ថងសាវុន ក៏ធ្វើការអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវផងដែរ៕