ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា និងលោកស្រី Alexia HOFMANN និងនាយកគ្រប់គ្រងគម្រោង AFD ប្រចាំទីក្រុងប៉ារីស ព្រមទាំងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
លោក Philippe STEINMETZ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងាររបស់លោក ជួបប្រជុំនាពេលនេះ ។ លោក Philippe បន្តថា ក្នុងពេលកន្លងមក AFD បានផ្តល់នូវហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ២៤ លានអឺរ៉ូ ដើម្បីអនុវត្តនូវគម្រោងទឹក និងកសិកម្ម (Water and Agriculture Sector Project) ។ ហិរញ្ញប្បទានទាំងនេះ ត្រូវបានយកទៅអនុវត្តទៅលើការស្តារព្រែក ប្រព័ន្ធធារាសាស្ត្រ ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ការរៀបចំបញ្ជីសារពើភ័ណប្រព័ន្ធធារាសាស្ត្រ ។ មកដល់ពេលនេះ គម្រោងការងារខាងលើ ត្រូវបានអនុវត្តស្ទើរនឹងចប់ ១០០% អស់ហើយ ។ លោក Philippe បន្តថា បេសកកម្មរបស់លោកស្រី Alexia HOFMANN នៅកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលការងារ ក៏ដូចជាសក្តានុពលរបស់គម្រោងដែលបានអនុវត្តកន្លងមក ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវ ក្នុងនាមថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងបងប្អូនប្រជាកសិករ ឯកឧត្តម សូមសំដែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ AFD ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ការស្តារឡើងវិញ នូវព្រែក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន ដែលតាមរយៈជំនួយទាំងនេះ បានបង្កលក្ខណៈឱ្យក្រសួងធនធានទឹក និងឧតុនិយម អាចដោះស្រាយនូវទឹកជូនដល់បងប្អូនប្រជាកសិករ ទាំងក្នុងការស្រោចស្រព ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណូមពរដល់ AFD ឱ្យបន្តផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្តគម្រោង Water and Agriculture Sector Project បន្ថែមទៀត ។
លោកស្រី Alexia HOFMANN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ក្នុងបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជា ដើម្បីពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនាពេលនេះ លោកស្រី ពិតជាមានការសប្បាយចិត្ត ដោយពិនិត្យឃើញថា អ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តកន្លងមក បាន និងកំពុងផ្តល់ផលប្រយោជន៍ជាបណ្តើរៗដល់ប្រជាកសិករ បើទោះបីជាគម្រោងទាំងនោះ ពុំទាន់បានអនុវត្តរួចរាល់ជាស្ថាពរក្តី ។ លោកស្រីបន្ថែមថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ទឹក គឺជាបញ្ហាប្រឈមមួយ ដែលត្រូវទាមទារនូវការដោះស្រាយជាអាទិភាព ។ ក្នុងន័យនេះ AFD បាន និងកំពុងរៀបចំផែនការផ្តល់ហិរញ្ញប្បទានបន្ថែមដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តអនុវត្តគម្រោង Water and Agriculture Sector Project ជំហានទី ២ បន្ថែមទៀត លើទំហំទឹកប្រាក់ ២០០ លានអឺរ៉ូ ក្នុងរយៈពេល ៨ ឆ្នាំ ដោយចែកចេញជា ៤ ដំណាក់កាល ពោលគឺ ៥០ លានឣឺរ៉ូ ក្នុងរយៈពេល ២ ឆ្នាំ ៕
ឯកឧត្តម លឹម គានហោ អនុញ្ញាតឱ្យនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងនាយកគ្រប់គ្រងគម្រោង AFD ប្រចាំទីក្រុងប៉ារីស ចូលជួបសំដែងការគួរសម
