នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិចំនួន៤នៅខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត តំណាងធនាគារអភិវឌ្ឍន៍អាសីុ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ឧទ្យានុរក្សអង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៣១នាក់។ គោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះគឺ ដើម្បីផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍ ក្នុងការការពារ ប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាលក្ខណៈស្វ័យគ្រប់គ្រង ស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្ដែងរបស់សហគមន៍នីមួយៗ ក្នុងទិសដៅលើកកម្ពស់ជីវភាពសហគមន៍ ដែលមានសុពលភាពរយៈពេល១៥ឆ្នាំ។ តាមរយៈកិច្ចព្រមព្រៀងនេះសហគមន៍នឹងទទួលបាននូវភាពជាម្ចាស់ សិទ្ធិសម្រេច និងចាត់វិធានការ ស្របតាមលក្ខន្តិកៈសហគមន៍ ក៏ដូចជាសិទ្ធិចូលរួមទប់ស្កាត់បទល្មើសនានាក្នុងសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងនូវការគាំទ្រនិងលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍យកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៏ដូចជាសិក្សាបន្ថែមនូវជំនាញវិជ្ជាជីវៈ ដើម្បីភាពប្រសើរនៃសហគមន៍ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ស្របតាមទិសដៅនៃកំណែទម្រង់វិមជ្ឈការវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ
