ខេត្តបាត់ដំបង៖ ក្រសួងអប់រំ យុវជន និង កីឡា បានសហការរៀបចំពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងការកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្ដី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែក លើ កម្មវិធីមត្តេយ្យសិក្សារដ្ឋ ក្នុងគោលដៅផ្ដោតសំខាន់លើផ្នែកសិក្សានៅកម្រិតមត្តេយ្យសិក្សា ដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរីកលូតលាស់បញ្ញា ស្មារតី និងអារម្មណ៍របស់កុមារតូច ហើយតាមរយៈ:នៃការសិក្សាតាមទ្រឹស្ដីនេះកុមារនឹងទទួលបាននូវការរីកចម្រើនទាំងបំណិនទាក់ទងនឹងសតិបញ្ញា និងបំណិនដែលមិនទាក់ទងនឹងសតិបញ្ញា តាមរយៈការលេងយ៉ាងសកម្មជាមួយមិត្តភក្ដិ ដែលទាំងនេះជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនបំណិនដ៏ទៃទៀត។
ការសម្ពោធបើកឲ្យដំណើរការគម្រោងនេះគឺត្រូវបានសហការអនុវត្តដោយគម្រោងអង្គការសន្តិស្ម័គ្រចិត្ត(SVA) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
សូមជម្រាបដែរថា អង្គការសន្តិស្ម័គ្រចិត្ត (SVA) ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ(NGO)ដែលបានបង្កើតនៅឆ្នាំ១៩៨១ដើម្បីចូលរួមគាំទ្រដល់វិស័យអប់រំនៅអាស៊ី ដោយផ្អែកលើឧត្ដមគតិ “រស់នៅជាមួយគ្នា រៀនជាមួយគ្នា”។គិតមកដល់ឆ្នាំ២០២០នេះ អង្គការនេះបានពង្រីកតំបន់ផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ថៃ ឡាវ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា និងនេប៉ាល់។
ពិធីប្រកាសសម្ពោធនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា។ ក្នុងឱកាសនេះដែរឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការសន្តិស្ម័គ្រចិត្ត(SVA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JCA)ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រអនុវិស័យកុមារតូចរហូតមក៕
១២ សីហា ២០២០ | សាលប្រជុំសាលាខេត្តបាត់ដំបង
ពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងការ កសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្ដី រៀនតាមរយៈការលេង និងបរិស្ថាន ផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋ
