ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោងការ កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្ដី រៀន​តាមរយៈ​ការ​លេង និង​បរិស្ថាន ផ្អែក​លើ​កម្មវិធី​មត្តេយ្យសិក្សា​រដ្ឋ


ខេត្ត​បាត់ដំបង៖ ក្រសួង​អប់រំ យុវជន និង កីឡា បាន​សហការ​រៀបចំ​ពិធីប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្ដី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែក លើ កម្មវិធី​មត្តេយ្យសិក្សា​រដ្ឋ ក្នុង​គោលដៅ​ផ្ដោត​សំខាន់​លើ​ផ្នែក​សិក្សា​នៅ​កម្រិត​មត្តេយ្យសិក្សា ដែល​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​រីក​លូតលាស់​បញ្ញា ស្មារតី និង​អារម្មណ៍​របស់​កុមារ​តូច ហើយ​តាមរយៈ:​នៃ​ការសិក្សា​តាម​ទ្រឹស្ដី​នេះ​កុមារ​នឹង​ទទួល​បាន​នូវ​ការ​រីកចម្រើន​ទាំង​បំណិន​ទាក់ទង​នឹង​សតិបញ្ញា និង​បំណិន​ដែល​មិន​ទាក់ទង​នឹង​សតិបញ្ញា តាមរយៈ​ការ​លេង​យ៉ាង​សកម្ម​ជា​មួយ​មិត្តភក្ដិ ដែល​ទាំងនេះ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រៀន​បំណិន​ដ៏ទៃ​ទៀត។
ការ​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​គម្រោង​នេះ​គឺ​ត្រូវ​បាន​សហការ​អនុវត្ត​ដោយ​គម្រោង​អង្គការ​សន្តិ​ស្ម័គ្រចិត្ត(SVA) គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេសជប៉ុន(JICA)។
សូមជម្រាបដែរថា អង្គការសន្តិស្ម័គ្រចិត្ត (SVA) ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ(NGO)ដែលបានបង្កើតនៅឆ្នាំ១៩៨១ដើម្បីចូលរួមគាំទ្រដល់វិស័យអប់រំ​នៅ​អាស៊ី ដោយផ្អែកលើឧត្ដមគតិ “រស់នៅជាមួយគ្នា រៀនជាមួយគ្នា”។គិតមកដល់ឆ្នាំ២០២០នេះ អង្គការនេះបានពង្រីកតំបន់ផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ថៃ ឡាវ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា និង​នេប៉ាល់។
ពិធីប្រកាស​សម្ពោធ​នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា។ ក្នុងឱកាសនេះដែរឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការសន្តិស្ម័គ្រចិត្ត(SVA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JCA)ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រអនុវិស័យកុមារតូចរហូតមក៕
១២ សីហា ២០២០ | សាលប្រជុំ​សាលា​ខេត្តបាត់ដំបង