នៅរសៀលម៉ោង ៤ ថ្ងៃអាទិត្យ ៤រោច ខេភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៦៦៤ ត្រូវនឹងថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម បណ្ឌិត ប៉ែន ស៉ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណកម្មការទី១០នៃរដ្ឋសភា នីតិកាលទី៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៥ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម
លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តជុំគ្រៀល ចូលរួមសូត្រមន្ត និងនិមន្តព្រះសង្ឃសំដែងព្រះធម៌ទេសនា លុះព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័កព. ស២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹកមានកម្មវិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ១៩៣អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី ៥ នៅវត្តជុំគ្រៀល។
សូមបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិ
ធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃ១រោចដល់១៥រោចខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំងឡាយដែលបានចែកឋានរំលាយក្ខន្ធទៅហើយ និងបានជាចំណែកបុណ្យកុសលជូនដល់កូនចៅ ដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើពិធីបុណ្យនេះ។
ពិធីបុណ្យនេះធ្វើឡើងចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច ហៅថាពិធីបុណ្យកាន់បិណ្ឌ ឯថ្ងៃ១៥ រោច ជាថ្ងៃបញ្ចប់ហៅថា បុណ្យភ្ជុំបិណ្ឌ៕