ក្រុមការងារខេត្តក្រចេះចូលរួមកាន់បិណ្ឌវេនទី៤ជាមួយប្រជាពលរដ្ឋ និងចុះជួបមន្ត្រីមូលដ្ឋាននៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួមកាន់បិណ្ឌវេនទី៤ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទនិងមន្ត្រីមូលដ្ឋាននៅវត្តជ្រោយស្នែងក្របី វត្តដីដុះ និងវត្តព្រែកប្រសព្វក្រោម ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ការចូលរួមកាន់បិណ្ឌនេះ ក៏មានការរួមដំណើរដោយ ឯកឧត្តម សរ ចំរុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រីអស់លោកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មួយចំនួនផងដែរ។

បន្ទាប់ពីពិធីប្រារព្ធកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនារួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារបានឆ្លៀតធ្វើការ សំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទនៅតាមវត្តនីមួយៗ ដោយបានសង្កត់ធ្ងន់ពីគុណតម្លៃរួមដែល យើងទាំងអស់គ្នាទទួលបានពីសុខសន្តិភាព បង្កឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋនិងសង្គមជាតិយើងបាន អភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ទោះបីត្រូវប្រឈមជាមួយផលវិបាកសព្វយ៉ាងដែលបង្កដោយកូវីដ១៩ តែកំលាំង សាមគ្គីរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានជំនះពុះពារទ្រោលសភាពការណ៍បានល្អប្រសើរ ធ្វើឱ្យសង្គមជាតិយើងនៅតែមានសុខសន្តិភាពនិងការអភិវឌ្ឍជារៀងដរាប។

ហេតុនេះ ប្រជាជនម្នាក់ៗ សហគមន៍មូលដ្ឋា ននីមួយៗត្រូវបង្កើនជំនឿជឿជាក់នេះបន្តទៅទៀត ដោយខិតខំម្ចាស់ការពុះពាររាល់ឧបសគ្គការលំបាកដើម្បីសេចក្តីសុខថ្កើងថ្កានសម្រាប់អនាគតកូនចៅយើង។

នៅពេលរសៀលថ្ងៃដដែលនេះ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះនិងសហការីក៏បានចុះទៅជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានភូមិ ឃុំ នៅទីស្នាក់ការគណបក្សស្រុកព្រែកប្រសព្វ។

ខ្លឹមសារសំខាន់នៃ ជំនួបការងារបក្សនេះ គឺផ្តោតសំខាន់ទៅលើការជម្រុញសកម្មភាពនានាដែលស្តែងច្បាស់ឱ្យប្រជាពលរដ្ឋគ្រប់ទិសទីមើលឃើញនិងទទួលស្គាល់ពីសារជាតិនិង អំពើល្អរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ សំដៅបង្កើនឥតឈប់ឈរនូវប្រៀបនយោបាយសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅពេលខាងមុខ៕