រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេសជូនដល់បុគ្គលិកអប់រំនៃអង្គភាពក្រោមឱវាទ ដែលជាសិក្ខាកាមទាំងអស់ បានយល់ច្បាស់នូវយន្ដការប្រឡងតាមគោលការណ៍បួនគឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅដោយរលូន និងបានជោគជ័យ។ដោយធ្វើកិច្ចពិភាក្សាទៅលើប្រធានបទចំនួន០៤ចំនុច ៖ ១) ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២) តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣) តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤) បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថាដើម្បីរក្សាបាននូវគម្លាតតាមស្ដង់ដារសុវត្ថិភាពក្នុងបរិបទកូវីដ-១៩នេះក្រសួងបានរៀបចំសិក្ខាសាលាជាពីរក្រុមគឺក្រុមពេលព្រឹកមាន ១៦អង្គភាពក្រោមឱវាទក្រសួងសរុប១១០នាក់ និងក្រុមពេលរសៀលមាន ១២អង្គភាពក្រោមឱវាទក្រសួងសរុប១០៩នាក់។
ឯកឧត្ដមបណ្ឌិតក៏បានវាយតម្លៃខ្ពស់ទៅលើកំណែទម្រង់អប់រំ គឺផ្ដើមចេញពីកំណែទម្រង់ការប្រឡងដែលធ្វើឲ្យសិស្សត្រូវតែខិតខំរៀន ដូច្នេះកំណែទម្រង់ប្រឡងគឺមានន័យធំធេងណាស់ក្នុងការកែលម្អគុណភាពអប់រំនៅកម្ពុជា៕
២៤ វិច្ឆិកា ២០២០ | វិទ្យាស្ថានជាតិអប់រំ


