ឆ្នាំ២០២១នេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងជួសជុលថែទាំផ្លូវថ្នល់ប្រមាណ៣៧៣គីឡូម៉ែត្រ


ឆ្នាំ២០២១នេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបមានគម្រោងជួសជុលថែទាំផ្លូវថ្នល់ចំនួនប្រមាណ៣៧៣គីឡូម៉ែត្រនៅក្នុងខេត្តដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលធ្វើដំណើរ និងធានាបានសុវត្ថិភាព។

លោកសោ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី៤ ខែមករា ថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបមានគោលការណ៍ចំនួន៤ គឺគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងគម្រោងថែទាំជាប្រចាំ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អង្គភាពខ្លួន។

លោកបន្តថា នៅក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានធ្វើការជួសជុលផ្លូវថ្នល់ ទាំងគម្រោងកែលម្អ គម្រោងជួសជុលបន្ទាន់ គម្រោងថែទាំខួបនិងគម្រោងថែទាំជាប្រចាំបានចំនួនប្រមាណ១៩៣គីឡូម៉ែត្រ។ដោយឡែកនៅក្នុងឆ្នាំ២០២១នេះវិញ មន្ទីរមានផែនការសម្រាប់គម្រោងជួសជុល ស្តារឡើងវិញ ថែទាំខួប និងថែទាំជាប្រចាំផ្លូវថ្នល់ជនបទសរុបចំនួនប្រមាណ៣៧៣គីឡូម៉ែត្របន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ជ ទន្ទឹមនឹងគម្រោងជួសជុល ស្តារឡើងវិញ ក៏ដូចជាផ្លូវដែលបានធ្វើរួចរាល់ហើយនោះ លោក សោ ប៊ុនធី បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋទូទៅ មេត្តាចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីឱ្យផ្លូវ អាចប្រើប្រាស់បានយូរអង្វែង។

ក្រសួងអភិវឌ្ឍមានគោលការណ៍ ទី១គឺការស្តាឡើងវិញ ទី២គឺកែលម្អផ្លូវពីគ្រួសក្រហមមកជាផ្លូវកៅស៊ូ ហើយនិងគម្រោងថែទាំខួប និងថែទាំជាប្រចាំ។សុំឱ្យអាជ្ញាធរស្រុក និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលបានជួសជុលឬស្តារឡើងវិញ សូមឱ្យពួកគាត់ជួយថែទាំ និងទប់ស្កាត់ការប្រើប្រាស់ផ្លូវ ដូចជាការដឹកជញ្ជូនលើសទម្ងន់ ព្រោះធ្វើផ្លូវហើយ កាលណាអាជ្ញាធរឬប្រជាពលរដ្ឋអត់មានការថែទាំ មិនអាចប្រើប្រាស់បានយូរទេ យើងមិនហាមថាមិនឱ្យគាត់ប្រើប្រាស់ទេ ប៉ុន្តែប្រើប្រាស់ក្នុងកម្រិតមិនលើសទម្ងន់»។

គួរជម្រាបផងដែរថា សម្រាប់គម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក គឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាឡឺម៉ង់(KFW)។ដោយឡែកសម្រាប់ គម្រោងជួសជុលកែលម្អផ្លូវថ្នល់ផ្សេងៗទៀត ក៏ទទួលបានពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍអាស៊ី(ADB) ធនាគារ ពិភពលោក(World Bank)និងគម្រោងជាច្រើនទៀតដែលកំពុងអនុវត្តទៅតាមជំហានៗ៕