កំណាត់ផ្លូវជិត២០០០ម៉ែត្រនៅសង្កាត់ទួលតាឯក ខេត្តបាត់ដំបង ត្រូវបានចាក់បេតុង


ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនា ផ្លូវបេតុង ០១ ខ្សែ ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ខែមករា២០២១។
ផ្លូវបេតុង១ខ្សែនេះមានប្រវែង ១៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានកម្រាស់ ០, ១៥ ម៉ែត្រ ( កម្រាស់ មួយតឹកកន្លះ ) ស្ថាបនា ចាប់ពីភូមិអូរតាគាំ ១ រហូតដល់ផ្លូវជាតិ លេខ ៥ ដែលកន្លងមកកំណាត់ផ្លូវនេះរងគ្រោះដោយទឹកជំនន់ ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវ១ខ្សែនេះជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា និងប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្ដោយផ្លូវ និងសូមឱ្យមានការ យោគយល់ដល់ក្រុមការដ្ឋានសាងសង់ផ្លូវ ជាពិសេសសូមឱ្យមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីឱ្យការស្ថាបនាមាន ភាពរលូន ។
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ គឺប្រើប្រាស់គម្រោងថវិកា ឥណទានបន្ថែមសម្រាប់ការអភិវឌ្ឍខេត្ត ៕