រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនារសៀលព្រហស្បតិ៍ ១៥កើត​ពេញបូណ៌មី ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយ
មានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត ព្រះធម្មបោលោ កែវ មុនី ព្រះធម្មធរគណខេត្ត
ឯកឧត្តមថាច់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងឯកឧត្តម​ លោកជំទាវ​សមាជិកក្រុម​ប្រឹក្សា​ខេត្ត​ ប្រធានមន្ទីរ​អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិង ពុទ្ធបរិស័ទចូលរួមផងដែរ។

ក្នុងពិធីនោះ មានបួងសួង ដង្ហែរប្រទក្សិណ​ជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ ។

មានប្រសាសន៍សំណេះ​សំណាល ឯកឧត្តម ផាន់ ចាន់ដារា បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗ ក៏ដូច​ជាពិធីបុណ្យ​ផ្សេងៗទៀត ដែល​មានឱកាស​ប្រារព្ធ​ធ្វើទៅបានដោយសារប្រទេសយើងមានសុខ​សន្តិភាពពេញលេញ និង​មាន​ស្ថិរភាពនយោបាយ។​ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ណាស់​ថា​ប្រជាពលរដ្ឋ​មិនមានឱកាស​អាចប្រារព្ធពិធីបុណ្យដ៏ធំសម្បើមទូទាំង​ប្រទេស​បែបនេះទេ។

ឯកឧត្តមបានមានប្រសាសន៍បន្តថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យតាមសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ ដែល​រង​ការ​បំផ្លាញខ្ទេចខ្ទាំ គ្មានសល់ ។ ជាពិសេសសម័យប៉ុល ពត កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យសាហាវឃោរឃៅ​យង់ឃ្នង ដែល​សម័ល​កាលនោះ ត្រូវ​បាន​ពលរដ្ឋខ្មែរ​ចាត់ទុក​ និង​ចារទុកជាប្រវត្តិសាស្ត្រ​ថា​ជា​ស្រមោលដ៏ខ្មៅងងឹត គុកឥតជញ្ជាំង​នាអតីតកាលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បាន​ចង់ចាំ ស្អប់ខ្ពើម គ្មានថ្ងៃភ្លេច ប្រឆាំងដាច់ខាតកុំអោយមានសម័យនោះលើកទី២លើទឹកដីកម្ពុជាទៀត។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជានិង ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំអោយកើតក្នុងគ្រួសារនិងសហគមន៍ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាៈ ការ​ប្រារព្ធ​ពិធី​បុណ្យមាឃបូជានេះ គឺតាម​គន្លង​ពុទ្ធប្បវេណី​ និង​រលឹក​ដល់ព្រឹត្តិការណ៍​សំខាន់ៗបីយ៉ាង៖ ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត​ព្រះអរហន្ត​១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី​ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក​ដែល​និមន្ត​ចូលរួម​ចតុរង្គសន្និបាត​គ្មាន​ការណាត់ជាមុនឡើយ។

ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

ទី.៣ រំលឹក​ដល់​ព្រះសព្វញ្ញុតញ្ញាណ​សំដែង​ព្រះឱវាទ​បាតិមោក្ខ​ ដែល​ខ្លឹមសារ​ក្នុង​ឱវាទមោក្ខ​បំព្រួញ​ឱ្យ​ខ្លី​គឺ” សព្វបាបស្ស អករណំ កុលស្សូ​បសម្បទា សចិត្តបរិយោទស្សនំ មានន័យ​ថា​កិរិយា​មិនធ្វើនូវ​អំពើបាប​ទាំងពួង​ កិរិយាបំពេញ​តែបុណ្យ​កុសល និង​ជម្រះ​ចិត្ត​ឱ្យ​ស្អាត​ផូរផង់​”។