កំពង់ឆ្នាំងៈនារសៀលព្រហស្បតិ៍ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយ
មានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត ព្រះធម្មបោលោ កែវ មុនី ព្រះធម្មធរគណខេត្ត
ឯកឧត្តមថាច់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិង ពុទ្ធបរិស័ទចូលរួមផងដែរ។
ក្នុងពិធីនោះ មានបួងសួង ដង្ហែរប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ផាន់ ចាន់ដារា បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗ ក៏ដូចជាពិធីបុណ្យផ្សេងៗទៀត ដែលមានឱកាសប្រារព្ធធ្វើទៅបានដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ។ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ណាស់ថាប្រជាពលរដ្ឋមិនមានឱកាសអាចប្រារព្ធពិធីបុណ្យដ៏ធំសម្បើមទូទាំងប្រទេសបែបនេះទេ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យតាមសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ ដែលរងការបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ ។ ជាពិសេសសម័យប៉ុល ពត កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យសាហាវឃោរឃៅយង់ឃ្នង ដែលសម័លកាលនោះ ត្រូវបានពលរដ្ឋខ្មែរចាត់ទុក និងចារទុកជាប្រវត្តិសាស្ត្រថាជាស្រមោលដ៏ខ្មៅងងឹត គុកឥតជញ្ជាំងនាអតីតកាលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានចង់ចាំ ស្អប់ខ្ពើម គ្មានថ្ងៃភ្លេច ប្រឆាំងដាច់ខាតកុំអោយមានសម័យនោះលើកទី២លើទឹកដីកម្ពុជាទៀត។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជានិង ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំអោយកើតក្នុងគ្រួសារនិងសហគមន៍ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថាៈ ការប្រារព្ធពិធីបុណ្យមាឃបូជានេះ គឺតាមគន្លងពុទ្ធប្បវេណី និងរលឹកដល់ព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖ ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័កដែលនិមន្តចូលរួមចតុរង្គសន្និបាតគ្មានការណាត់ជាមុនឡើយ។
ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី.៣ រំលឹកដល់ព្រះសព្វញ្ញុតញ្ញាណសំដែងព្រះឱវាទបាតិមោក្ខ ដែលខ្លឹមសារក្នុងឱវាទមោក្ខបំព្រួញឱ្យខ្លីគឺ” សព្វបាបស្ស អករណំ កុលស្សូបសម្បទា សចិត្តបរិយោទស្សនំ មានន័យថាកិរិយាមិនធ្វើនូវអំពើបាបទាំងពួង កិរិយាបំពេញតែបុណ្យកុសល និងជម្រះចិត្តឱ្យស្អាតផូរផង់”។