កិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅ ការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ និង ជំនួយស្មារតីស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ ជូនក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តកំពង់ស្ពឺ


វិមាន៧មករា៖ នាព្រឹកថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅ ការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ និង ជំនួយស្មារតីស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយ និងគណបក្សខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពីក្រុមការងារចុះជួយឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ ទាំង ៨៧ ទូទាំងខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះជាការជួបជុំ ក្រុមការងារគណបក្ស ទាំងថ្នាក់កណ្តាល និងមូលដ្ឋានដើម្បីស្តាប់នូវរបាយការណ៍សកម្មភាពគណបក្សដែលសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅឆ្នាំ២០២១ ព្រមទាំងការផ្សព្វផ្សាយជំនួយស្មារតីស្តីពីការងារអាទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២។ ជាការដកស្រង់បទពិសោធន៍ពីការបោះឆ្នោតកន្លងមក ក្រុមការងារបានរៀបចំជាកិច្ចការអាទិភាពដើម្បីធានាបានជ័យជំនះជូនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។ ថ្លែងទៅកាន់សមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ/សង្កាត់ និង គណបក្សឃុំ/សង្កាត់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សគ្រប់ថ្នាក់ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ដែលស្តែងចេញតាមរយៈលទ្ធផលការបោះឆ្នោតកន្លងទៅ ជាពិសេសខេត្តកំពង់ស្ពឺ ដែលបានធានាជ័យជំនះជូនគណបក្សទាំងក្នុងពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។ ឯកឧត្តម សំ រិទ្ធី តំណាងឱ្យក្រុមយុទ្ធសាស្រ្ត ក្រុមការងារគណបក្សចុះជួយខេត្ត បានសង្កត់ធ្ងន់លើការពង្រឹងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព បន្តបង្កើនចំនួនសមាជិក គ្រប់ទិសទី ដើម្បីត្រៀមលក្ខណៈទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ជាពិសេសត្រូវបន្តចុះជួបសមាជិកបក្សដល់ ថ្នាក់ភូមិ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តដំបូងគេ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតី ស្តីពី ការងារអាទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២២ ទៅដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខ្លួន។