បន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួន ១ ២១៣ គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មីភូមិបឹងជង្រុកក្នុងឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលយកក្បាលដីឡូតិ៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ពួកគាត់ បន្ទាប់ពីបានដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកតាមបែប ឈ្នះ ឈ្នះ ជូនពួកគាត់នោះ។ ពិធីចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍នេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២១ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងថា ដោយមើលឃើញពីភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងជង្រុក ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលអតីតជាសមរភូមិប្រយុទ្ធគ្នា រវាង ខ្មែរនិងខ្មែរនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ ហើយ បាននិងកំពុងធ្វើការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទនេះ។ ឯកឧត្តមបន្តថា បន្ទាប់ពីពិធីសែនក្រុងពលី បើកការដ្ឋានផ្តើមការអភិវឌ្ឍកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សកម្មភាពស្ថាបនាផ្លូវ និងសាងសង់សមិទ្ធផលនានារួមមានដូចជា សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការកងរាជអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម វត្ត សួនច្បារកន្លែងហាត់ប្រាណ ស្រះទឹកជាដើម បានបោះជំហានអភិវឌ្ឍន៍យ៉ាងលឿនឥតស្រាកស្រាន្តជារៀងរាល់ថ្ងៃ ដើម្បីឆាប់សម្រេចបាននូវសមិទ្ធផលដែលជាអំណោយដ៏ថ្លៃថ្លានេះជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដែលជាការជួយជំរុញលើកកម្ពស់កែលម្អ ជីវភាពរបស់ពួកគាត់ឱ្យល្អប្រសើរឡើងក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍតាមមាគ៌ាដឹកនាំរបស់សម្តេចតេជានាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងប្រជាពលរដ្ឋក្នុងតំបន់បឹងជង្រុកក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យមានការរីកចម្រើនពិសេសនៅក្នុងតំបន់បឹងជង្រុកនេះដែលមានភាពក្រីក្រ ហើយបានធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងជីវ ភាពមានការប្រែប្រួលថ្មីក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ៕