ឯកឧត្តម គង់ ប៊ុនលី មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំក្រុមការងារ នាំយកផ្លែមៀន ចំនួន ៥០០០គីឡូក្រាមដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មកប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម ប្រាក់ សុវណ្ណ ជាអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីធ្វើការបែងចែក ជូនដល់កងកម្លាំងទាំងបី និងថ្នាក់ដឹកនាំក្រុងស្រុកទាំង៨ ក្នុងខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តព្រះវិហារ។
អញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ ប៊ុនលី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងទាំងបី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងនៅពេលបច្ចុប្បន្ន បាននិងកំពុងប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របទៅតាមគោលដៅចំបងរបស់រាជរដ្ឋាភិបាល ដែលបានដាក់អាទិភាពជាសំខាន់ទៅលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងនៅគ្រប់បណ្ដាខេត្តទាំងអស់ ពិសេស គិតគូរ និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិបទដែល ប្រទេសជាតិកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។




