ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ លោកអភិបាលស្រុក និងតំណាងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យ និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពនៅតាមឃុំទាំង៧ និងមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងបំពេញភារកិច្ចផ្តល់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅតាមមូលដ្ឋាន។
ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងឱកាសនោះឯកឧត្តម ប្រធានក្រុមការងារបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមកងទ័ព អាវស ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងស្មារតី សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមជាមួយមូលដ្ឋាន ក្នុងការអប់រំ បង្ការ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសម្ដែងការរំលែកទុក្ខដល់ការបាត់បង់ជីវិតគ្រូពេទ្យម្នាក់នៅខេត្តព្រះសីហានុ ដោយសារជំងឺ កូវីដ-១៩ ហើយនៅពេលនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ក្រុមគ្រូពេទ្យទាំងអស់ ហើយផ្តល់ការលើកទឹកចិត្ត និង ការពារសុខភាពក្រុមគ្រូពេទ្យជាចម្បង។ ជាមួយគ្នានេះ ឯកឧត្តមបាននាំយកសម្ភារបង្ការជំងឺកូវីដ-១៩ រួមមាន ម៉ាស អាល់កុល ថ្នាំពេទ្យ និងជូនថវិកាបន្ថែមមួយចំនួនដល់ក្រុមគ្រូពេទ្យ ដើម្បីរួមចំណែកជាមួយរដ្ឋបាលស្រុកអូររាំងឪ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបម្រុងសម្រាប់ការពារសុខភាពផ្ទាល់ខ្លួន និងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដែលរងផលប៉ះពាល់ដោយ ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ។
ឯកឧត្តម អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យពង្រឹងការថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តន៍នូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ និងគោរពតាម ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕