រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងវេទិកាទេសចរណ៍អាស៊ាន (A Sean Tourism Forum)


រសៀលថ្ងៃ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន (A Sean Tourism Forum) ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាល ខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការកងទ័ពជើងទឹក នគរបាលព្រំដែនទឹក។

កិច្ចប្រជុំមានគោលបំណង រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងវេទិកាទេសចរ ណ៍អាស៊ាន (A Sean Tourism Forum) ឱ្យបាន ល្អប្រសើរនៅតាមដងផ្លូវសាធារណៈ ការមកដល់ព្រលាន្តយន្តហោះរបស់គណៈប្រតិភូ ទីកន្លែងស្នាក់នៅ របស់គណៈប្រតិភូ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់និងកន្លែងទស្សនកិច្ចរបស់គណៈប្រតិភូមកចូលរួមក្នុងវេទិកាអាស៊ាននៅខេត្តព្រះសីហនុ ។ បង្កើនកិច្ចសហការ​រវាង អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធជាមួយស្ថាប័ននានាក្នុងការរៀបចំកម្លាំង មធ្យោបាយ និងវិធានការសរុប ដើម្បី​អនុវត្តន៍ផែនការការពារ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងាររៀបចំវេទិកា និងគណៈប្រតិភូចូលរួមកិច្ចប្រជុំ ឱ្យមានសុវត្ថិភាព និងទទួលបានជោគជ័យ ។ រៀបចំការយកសំណាកសមាជិកគណៈប្រតិភូ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ រៀបចំការដាក់ឱ្យធ្វើ​ចក្តាឡឺស័ក​សមាជិកគណៈប្រតិភូ និងការពារទីតាំងធ្វើចក្តាឡឺស័ករបស់គណៈប្រតិភូ ។

លោក អភិបាលរងខេត្តព្រះសីហនុ បានស្នើសុំឱ្យកងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈទុកជាមុន ព្រោះវេទិកាទេសចរណ៍អាស៊ាន នឹងមកដល់នាពេលខាងមុខ ហើយខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះ ដែលត្រូវឱ្យយើងធ្វើការជជែក ពិភាក្សាគ្នាធ្វើផែនការការពារ​សន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូអាស៊ានក្នុងដំណើមកដល់ ការស្នាក់នៅ ដំណើរកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ និងការចាកចេញពីខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕