សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ឯកឧត្តម ប្រធាន និងសមាជិកគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ នៃគណបក្សខេត្ត លោក លោកស្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុង ស្រុក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច ស្ដីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព ក្រុមការងារយុវជនគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងសម្ពោធស្នាក់ការយុវជន គណបក្សខេត្តនៅក្នុងក្រុងសៀមរាប។
ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប មានប្រសាសន៏ថា ចំពោះពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពក្រុមការងារយុវជននៃគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត និងសម្ពោធស្នាក់ការយុវជនគណបក្សខេត្តនេះ សូមកោតសរសើរចំពោះ ការចូលរួមប្រកបដោយ ស្មារតី សកម្ម ព្យាយាម និងការលះបង់ខ្ពស់របស់ឯកឧត្តម លោក លោកស្រី និងអ្នកនាងកញ្ញា ដែលបានធ្វើឱ្យសម្រេចបានលទ្ធផលការងារយុវជនរបស់ខេត្ត ឆ្លើយតបបានទៅនឹងសេចក្តីកំណត់របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសេចក្ដីណែនាំរបស់យុវជនគណបក្សថ្នាក់កណ្ដាលដែលបានដាក់ចុះកន្លងមក។ ឯកឧត្តម បានបង្ហាញយ៉ាងច្បាស់ថា “យុវជនជាសរសទ្រូងរបស់ជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពាររាល់សមិទ្ធិផលសង្គម។ ភាពរឹងមាំរបស់យុវជនកម្ពុជាគឺតំណាងឱ្យអនាគតដ៏រុងរឿងរបស់ជាតិទាំងមូល”។ ដោយឈរលើទស្សនៈនេះ គណបក្សប្រជាជន បានយកចិត្តទុកដាក់បន្តការអភិវឌ្ឍយុវជនឱ្យមានការរីកចម្រើនលើគ្រប់ផ្នែកទាំងចំណេះដឹង ចំណេះធ្វើ ការបង្កើតការងារ ការពង្រឹងកាយសម្បទា និងថែទាំសុខភាព ព្រមទាំងអប់រំអំពីសីលធម៌រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ចៀសផុតពីអំពើហិង្សា និងអំពើអបាយមុខនានា ហើយបានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍គោលនយោបាយរបស់គណបក្សបានយ៉ាងល្អប្រពៃ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីសម្រេចគោលបំណងនេះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជា ជីវៈចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកទេស កម្មវិធីបំនិនជីវិតដល់យុវជនជាដើម។ ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានរក្សាការពារសុខសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ សម្រាប់យុវជនដោយយកចិត្តទុកដាក់បញ្ចូលតម្រូវការយុវជនក្នុងផែនការអភិវឌ្ឍគ្រប់កម្រិត ពង្រីកការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជំរុញការអនុវត្តជាជំហានៗនូវទិសដៅយុវភាវូបនីយកម្ម ក្នុងការផ្តល់នូវការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ដល់យុវជនដើម្បីឱ្យយុវជនកាន់តែពង្រីកបាននូវឱកាស និងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស លើកទឹកចិត្តពង្រឹងចលនាស្ម័គ្រចិត្តរបស់យុវជនចូលរួមក្នុងសកម្មភាពកសាងយុត្តិធម៌សង្គមការទប់ស្កាត់បាតុភាពអសកម្មតាមសហគមន៍និងក្នុងសកម្មភាពផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជននៅតាមបណ្តាមូលដ្ឋាន ក៏ដូចជាផលប្រយោជន៍សាធារណៈផងដែរ៕




