ប្រមុខការទូតកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសកូរ៉េហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១


ប្រមុខការទូតកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ ចំនួន៣ថ្ងៃ ហើយនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់ នៅថ្ងៃទី០៨ ខែកញ្ញា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញជួបពិភាក្សាផ្លូវការជាមួយ ឯកឧត្តម ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយនិងការពារជាតិ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ។

នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ឆុង អើយយ៉ុងនឹងអញ្ជើញធ្វើជា សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់ ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ ផងដែរ។

កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ យន្តការដែលបានកំណត់នៅក្នុង ផែនការសកម្មភាព (២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានាពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកល រួមមានការ ប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ជាដើម៕