ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយ ពីតំណាងលោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មនៅតាមតំបន់ បិទខ្ទប់ ទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែ ត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ឯកឧត្តម បន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូច ក្រសួងសុខាភិបាល ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ សូមទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។
សូមបញ្ជាក់ថា សម្ភារដែលលោកឧកញ៉ា កោះ ភារៈ នាយកក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន បានឧបត្ថម្ភដល់រដ្ឋបាលខេត្ត រួមមាន៖ អង្ករ ៣តោន មីម៉ាម៉ា ៥កេសធំ ត្រីខ ៥កេស ទឹកបរិសុទ្ធវីតាល់ ១០កេស និងថវិកា ១០លានរៀលផងដែរ៕


