នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ តាមប្រព័ន្ធ អនឡាញ វីដេអូ Zoom។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោក សុខ សាគុណ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោក ឯម សុត ជំនួយការ គ.ជ.ប ប្រចាំកានៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី ស្មៀនឃុំ សង្កាត់ អ្នកភាគីពាក់ព័ន្ធមួយចំនួន។
ឯកឧត្ដម តូច ប៉ូលីវ៉ា ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានដាក់ចេញសេចក្ដីណែនាំមួយចំនួនដល់ភាគីពាក់ព័ន្ធដូចខាងក្រោម៖
១. អភិបាលក្រុង ស្រុក ត្រូវពិនិត្យតាមដាន ជំរុញ និងណែនាំក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់នៅក្រោមឱវាទរបស់ខ្លួនឱ្យអនុវត្តតួនាទី ភារកិច្ច ក្នុងដំណើរការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះបោះឆ្នោតឆ្នាំ២០២០ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធី និងគោលការណ៍ណែនាំរបស់ គ.ជ.ប ជាពិសេសសុំពិនិត្យទៅលើការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខ្លួនត្រូវបាន គ.ជ.ប ប្រតិភូកម្មអំណាច ជាតំណាងរបស់ស្ថាប័ន គជប ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។
២. អភិបាលក្រុង ស្រុក ត្រូវណែនាំ និងពង្រឹងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការចេញលិខិតបញ្ជាក់ទីលំនៅ និង ឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលមកស្នើសុំ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
៣.អភិបាលក្រុង ស្រុកត្រូវណែនាំ និងជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិពាក់ព័ន្ធឱ្យបង្កើនការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះបោះឆ្នោតផ្លូវឆ្នាំ២០២០ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ៣ ។
៤.អភិបាលក្រុង ស្រុក ត្រូវណែនាំ និងជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និង មេភូមិពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អក្នុងការស្រាវជ្រាវ និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព ។
៥.អភិបាលក្រុង ស្រុក ត្រូវសហការជាមួយនាយកសាលាវិទ្យាល័យ ផ្សព្វផ្សាយនូវពត៌មានការចុះឈ្មោះ ឱ្យបានដល់កូនសិស្ស ដែលទើបគ្រប់អាយុ ១៨ឆ្នាំ បានដឹង និងបានទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។
៦.អភិបាលក្រុង ស្រុក ត្រូវជំរុញ និងណែនាំក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ស្រង់ឈ្មោះប្រជាពលរដ្ឋដែលទទួលមរណភាព ដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ដែលត្រូវបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូ។
៧.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបន្តពិនិត្យតាមដាន និងជំរុញអធិការដ្ឋាននគរបាលក្រុង ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លើការងារមួយចំនួនរួមមាន ៖
-ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ៣ ជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ តែមិនទាន់មាន អ.ខ ប្រភេទ៣ ដើម្បីធានាបាននូវសិទ្ធិបោះឆ្នោតរបស់ពួកគាត់ស្របតាមច្បាប់ជាធរមាន ។
– ការផ្ដល់សេវាសាធារណៈលើការចេញលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ដោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ ក្នុងគោលដៅយកទៅស្នើសុំលិខិតបញ្ជាក់ ទីលំនៅ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ។
– ត្រូវធ្វើបច្ចុប្បន្នភាពនូវអ្នកទោស ដែលជាប់ឃុំក្នុងពន្ធធានាគារ ដើម្បីត្រៀមលុបចេញពីបញ្ជីបោះឆ្នោត។
៨.គ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវដោយឈរលើមូលដ្ឋាន ច្បាប់ បទបញ្ជា និងនិតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប ហើយពិសេសត្រូវអនុវត្តបត់បែនតាមស្ថានភាពកូវីដ-១៩ និងអនុវត្តឱ្យបានខ្ចាប់ខ្ចួនតាមវិធានការសុខាភិបាល៣កុំ ៣ការពារ៕

.j.jpg)
.j.jpg)