ឯកឧត្តម អ៊ិត សំហេង កំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បរបមាផ្នែកវាយនភ័ណ្ឌ កាត់ដេរ និង ផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២


ថ្លែងក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្ប បរមា អាណត្តិទី២ ឆ្នាំទី១ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ នៅទីស្តីការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងតាមរយៈប្រព័ន្ធអនឡាញ ស្របតាមសំណូមពរ និងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើយ៉ាងណាត្រូវបញ្ចប់កិច្ចប្រជុំមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

ឯកឧត្តមមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគីក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូលរួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុក ដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជាយន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ តែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមាន ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យោងតាមអង្គការអន្តរជាតិខាងការងារ(ILO) ក្នុងរបាយ ការណ៍ស្តីពី “ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០- ២០២១” បានផ្តល់អនុសាស ន៍ថា ៖ «ការកែសម្រួលប្រាក់ ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថេរភាពរបស់រោងចក្រសហគ្រាស និងរក្សាបាននូវប្រាក់ចំណូលសម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។ ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ ILO ជាការ ចាំបាច់ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់ អាយុនឹងចូលទីផ្សារការងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ- ១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេលមានការផ្ទុះឡើងជាបន្តបន្ទាប់នូវវីរុសបំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្ប បរមា(ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ច ប្រជុំចំនួន២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១ លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន១៩០ដុល្លារអាមេរិកក្នុង ១ខែ និងឆ្នាំ២០២១ ចំនួន ១៩២ដុល្លារអាមេរិកក្នុងខែ។ ដូចនេះនៅក្នុងឆ្នាំ២០២១ ប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករ និយោ ជិតម្នាក់អាចទទួលបានប្រាក់ ឈ្នួលចន្លោះពី២០៩ ទៅ ២២០ដុល្លារអាមេរិកក្នុងមួយខែ។ ទោះបីជាយ៉ាងណាក៏ ដោយ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជា ធ្វើឡើងនៅពេលដែលសកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀតមិនមានការប្រែប្រួលប្រាក់ឈ្នួលអប្បបរមានោះទេ៕