អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចុះកាយប្រឡាយ បញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង


នៅថ្ងៃ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និង អាជ្ញាធរស្រុកស្អាង ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹកបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងតាខ្មៅ ពិសេសបញ្ចៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។

ទីតាំងដែលត្រូវធ្វើការស្ដាយ និង កាយបញ្ចៀសការជន់លិច រួមមាន៖ ផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និង ប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និង ជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និង ទីតាំងមួយទៀតស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងបើកឱ្យធ្វើការហោះហើរ នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ។

នៅរសៀលថ្ងៃដដែល ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីត្រៀមរៀបចំផែនការក្នុងការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង៕