ជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀន ៣នាក់ ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាទៅប្រទេសកូរ៉េ វិញ ។ ជនសង្ស័យជាមេខ្លោងគ្រឿងញៀនទាំងបី ត្រូវបានបញ្ជូនចេញពីកម្ពុជាកាលពីម៉ោង ១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ។
តំណាងរដ្ឋអាជ្ញា និងនគរបាលនៃសាធារណរដ្ឋកូរ៉េ សរុបចំនួន ៧នាក់ ត្រូវគេឃើញចាំទទួលយកពួកឧក្រិដ្ឋជនខាងលើ បន្ដទៅកាន់ប្រទេសកូរ៉េ តាមជើងយន្ដហោះលេខ K690 និងលេខ QZ740 ។ ជនសង្ស័យជាឧក្រិដ្ឋជនខាងលើ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជាបន្ដបន្ទាប់នៅប៉ោយប៉ែត និងសៀមរាប ដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឆ្លងដែន តាមការស្នើសុំសហការចាប់ពីកូរ៉េខាងត្បូង ខណៈពួកគេកំពុងលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា ។
ឧក្រិដ្ឋជនគ្រឿងញៀនទាំង៣ មានឈ្មោះ SHIN Joungchul ភេទប្រុស កើតថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ១៩៦២ ជាមេខ្លោងលំដាប់ទី១ ជួញដូរគ្រឿងញៀនឆ្លងដែនពីចិន និងកម្ពុជា ទៅប្រទេសកូរ៉េខាងត្បូង… ជនសង្ស័យទី២ឈ្មោះ Lee taehwa ភេទប្រុស កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩៦៩… ជនសង្ស័យទី៣ ឈ្មោះ kim In Bae ភេទប្រុស កើតថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៥៩ ។
ពួកគេទាំង ៣នាក់នោះ ត្រូវអាជ្ញាធរកូរ៉េ ជូនដំណឹងថា ជាមេខ្លោងលំដាប់ទី១ ជួញដូរគ្រឿងញៀនឆ្លងដែនពីចិន និងកម្ពុជា ទៅប្រទេសកូរ៉េ ខាងត្បូង ។